ការបង្រៀនផ្នែក STEM នឹងត្រូវបានលើកកម្ពស់ ដោយការភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយសាលារៀនប្រទេសម៉ាលី


ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយ Ms EVa Mysliwiec អតីតស្ថាបនិកអង្គការ CDRI និងលោកនាយកសាលា Samdech Hun Sen School Complex កាលពីពេលថ្មីៗកន្លងទៅនេះ។

រំលឹកទៅកាលពីកំឡុងឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជំនួញផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី។ សាលានោះត្រូវបានឱ្យឈ្មោះថា Samdech Hun Sen School Complex។

នៅក្នុងដំណើរទស្សនកិច្ចនេះ Ms EVa Mysliwiec បានអញ្ជើញមកជាមួយលោកនាយកសាលា Samdech Hun Sen School Complex ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាលានៅកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងការងារនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។ ជាពិសេស ការបង្រៀនខាងផ្នែកវិធីសាស្ត្រ នៃការបង្រៀន បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។

បន្ថែមពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការមួយនេះ អាចធ្វើឱ្យប្រទេសទាំងពីរមានឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក៕

MoEYS