កំណែទម្រង់វិស័យអប់រំរយៈពេល១០ឆ្នាំ បាននាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់វិស័យអប់រំកម្ពុជា
ស្របពេលដែលបរិបទពិភពលោកបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស យើងពិតជាត្រូវការធនធានមនុស្សដ៏មានសក្ដានុពលដើម្បីការអភិវឌ្ឍលើគ្រប់វិស័យ និងដើម្បីបំពេញមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យម កម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៥០។ ដូចនេះកម្ពុជាយើង បានឈានដល់ដំណាក់កាលនៃការអភិវឌ្ឍ និងពង្រឹងវិស័យអប់រំឆ្លើយតបនឹងភាពប្រែប្រួល និងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។
ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញ និងអនុវត្តនូវ អាទិភាពកំណែទម្រង់ដំណាក់កាលទី១ នៅឆ្នាំ២០១៤ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់នូវទំនាក់ទំនងរវាងគោល នយោបាយជាតិ និងគោលនយោបាយវិស័យអប់រំ។ ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៤ – ២០១៨ បានផ្ដល់អាទិភាពខ្ពស់ដល់ការផ្ដល់សេវាអប់រំមូលដ្ឋានប្រកបដោយ សមធម៌ និងមានគុណភាពខ្ពស់។ ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ២០១៤-២០១៨ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់ផងដែរលើការពង្រីកការអប់រំកុមារតូច ការបង្កើនលទ្ធភាពទទួលបានការអប់រំនៅកម្រិតមធ្យមសិក្សា និងក្រោយមធ្យមសិក្សាប្រកបដោយគុណភាព ព្រមទាំងការពង្រីកការងារអប់រំក្រៅប្រព័ន្ធ និងការអប់រំបច្ចេកទេស។
ប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់ដំណាក់កាលទី១ បាននាំឱ្យក្រសួងឈានទៅដល់ការដាក់ចេញ និងអនុវត្តកំណែទម្រង់ដំណាក់កាលទី២។ ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ ២០១៩-២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលដៅ បន្ត អនុវត្តកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា និងបង្កើត មូលដ្ឋានរឹងមាំសម្រាប់ឆ្ពោះទៅឆ្នាំ ២០៣០ ព្រមទាំងឆ្លើយ តបនឹងចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា និងកម្មវិធី កំណែទម្រង់នានារបស់ រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ។ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នេះ ក្រសួងអបរំយុវជន និង កីឡា បានដាក់ចេញនូវយុទ្ធសាស្ដ្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣ ដែលមានចក្ខុវិស័យកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គម កម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន។
ដោយឡែក កាលពីថ្ងៃទីនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ការផ្សព្វផ្សាយយុទ្ធសាស្ដ្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ សម្រាប់កំណែទម្រង់រដ្ឋាភិបាលថ្មីអាណត្តិទី៧ ជាបន្តទៀត។
សូមជម្រាបថាក្នុងរយៈពេល ១០ ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ និង២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឲ្យកត់សម្គាល់ដូចជាការបង្កើតការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា។ ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះ ឲ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាព ចូលរួមបន្តការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សាដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ-១៩ ការបង្កើនអាហារូបករណ៍សម្រាប់សិស្សនិងនិស្សិតមកពីគ្រួសារកក្រីក្រ។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំតាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងលើកទឹកចិត្តព្រមទាំងបង្កើនស្វយភាព គណនីយភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់៕
MoEYS