|

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញឱ្យនិស្សិតតាមបណ្ដាសាកលវិទ្យាល័យ គួរចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងកម្មវិធីយុវជន២១


នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គប្រកួតជម្រុះយក ៣ក្រុម នៃកម្មវិធីយុវជន២១ ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានយុវជន ដែលបានខិតខំ ប្រើប្រាស់អស់ថាមពលកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការរៀបចំកម្មវិធី “យុវជន២១” ឆ្នាំ២០២៣ រដូវកាលទី៣ ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម”»។ ឯកឧត្ដម ក៏បានលើកទឹកចិត្ត និងជំរុញដល់និស្សិតតាមបណ្ដាសាកលវិទ្យាល័យនានាគ្រប់រូប គួរគប្បីពង្រឹងសមត្ថភាព និងចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងកម្មវិធីយុវជន២១ នាឆ្នាំបន្តបន្ទាប់ទៀត។

សូមជម្រាបថា ប្រធានបទសម្រាប់ឆ្នាំ២០២៣ មានខ្លឹមសារសំខាន់ផ្ដោតលើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ឱ្យមានគំនិតផ្ដួចផ្ដើមអាជីវកម្មថ្មី និងអភិវឌ្ឍអាជីវកម្មឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅប្រសើរជាងមុន ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅក្នុងបរិបទថ្មី និងមានបំណិនរៀបចំគម្រោងអាជីវកម្មបែបឌីជីថលដែលអនុវត្តបាននៅក្នុងសង្គមជាក់ស្ដែង៕

ប្រភព: MoEYS