ប្រទេសចិន ព្យាយាមពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ក្រោយមានការតែងតាំងរាជរដ្ឋាភិបាលអាណត្តិថ្មី


ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា។

បន្ថែមពីនេះ លោក វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

តាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសចិនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត ជាមួយប្រទេសអាស៊ីអាគ្នេយ៍ឱ្យកាន់តែប្រសើរឡើងផងដែរ៕