| |

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ អាចជាពេលវេលាចុងក្រោយ ដែលសម្ដេចថ្លែងជាសាធារណៈក្នុងតំណែងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា


សម្ដេចបានថ្លែងប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោយពីសម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសថា សម្ដេចនឹងចុះចេញពីដំណែងនៅខែសីហា ហើយប្រគល់តំណែងឲ្យកូនប្រុសច្បងរបស់សម្ដេច គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្រោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ(ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣) គឺមិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។

ក្នុងឱកាសនេះ សម្តេច បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដ៏ច្រើន ដែលមានចំនួន៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក។