|

ឯកឧត្តម នួន ផារ័ត្ន នាំយកបទពិសោធន៍នៃការអនុវត្តរបស់ក្រុងភ្នំពេញទៅចែករំលែកក្នុងវេទិកា MGMAC & AMF 2023 នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី


កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាវាគ្មិនក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំ MGMAC & AMF 2023 និងកិច្ចប្រជុំពេញអង្គនៃវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២៣។

ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំរួមគ្នាលើកទី១រវាង AMF និង MGMAC នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២កន្លងទៅ បានអនុញ្ញាតកិច្ចប្រជុំទាំងពីរនេះអាចប្រារព្ធធ្វើរួមគ្នាម្តងទៀតនៅឆ្នាំនេះ។

តាមរយៈការចូលរួមជាមួយសមាគមនៃទីក្រុង និងរដ្ឋាភិបាលក្នុងតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺធ្វើឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់ការពាក់ព័ន្ធរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ ប្រតិភូទាំងអស់បានចែករំលែកគំនិត បទពិសោធន៍នៃការអនុវត្ត និងធ្វើការរួមគ្នាដើម្បីគាំទ្រដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព តាមរយៈការពិភាក្សាលើប្រធានបទអាទិភាពទាក់ទងនឹងកំណើនសេដ្ឋកិច្ចរួមបញ្ចូល ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងសកម្មភាពអាកាសធាតុ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អភិបាលកិច្ចល្អ និងការបង្កើនកិច្ចសហប្រតិបត្តិការ។

ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនឹងគាំទ្រដល់គោលដៅរួម ក្នុងការពង្រឹងជំហររបស់អាស៊ានជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់សម្រាប់ភាពរុងរឿងរបស់ប្រជាជនអាស៊ាន និងពិភពលោក។

គួរបញ្ជាក់ថា កិច្ចប្រជុំ MGMAC និង AMF មានអ្នកចូលរួមជាង៥០០នាក់ ដែលជាអភិបាល និងអភិបាលក្រុងនៃប្រទេសសមាជិកអាស៊ាន តំណាងសមាគមរដ្ឋាភិបាលក្នុងតំបន់មកពីប្រទេសសមាជិកអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍អាស៊ាន ដៃគូ និងទីភ្នាក់ងារពហុភាគីផ្សេងទៀត។