| |

អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា នឹងរៀបចំជើងហោះហើរសាកល្បងដោយមិនរកប្រាក់ចំណេញនាពេលឆាប់ៗនេះហើយ!


យោងតាមសេចក្ដីជូនដំណឹងរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងត្រូវចាប់ផ្ដើមបើកដំណើរការនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះហើយ។

ការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនអក្សរឡាតាំង VDSA។

ដោយឡែក ចំពោះគ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport -REP) បច្ចុប្បន្ន នឹងធ្វើការផ្ទេរទាំងស្រុង និងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ចាប់ពីម៉ោង ០០:០០នាទី(ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះថ្ងៃទី៥-១៥ ខែតុលា ឆ្នាំ២០២៣។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ៕