|

អបអរសាទរអ្នកសៀមរាប! ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប នឹងបើកការដ្ឋានសាងសង់យ៉ាងយូរក្នុងឆ្នាំ២០២៤


កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។

គម្រោងផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ពីភ្នំពេញទៅសៀមរាប ត្រូវបានចុះហត្ថលេខាលើក្របខ័ណ្ឌសាងសង់រវាងក្រុមហ៊ុនសាងសង់សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយរាជរដ្ឋាភិបាលកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងផ្លូវល្បឿនលឿនទី៣ នេះចែកចេញជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ តភ្ជាប់ពីភ្នំពេញទៅសៀមរាប និងដំណាក់ទី២ តភ្ជាប់ពីសៀមរាបទៅក្រុងប៉ោយប៉ែត។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងស រុបប្រមាណ ៤០០ គីឡូម៉ែត្រ ក្នុងនោះដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាប មានប្រវែង ២៥០ ម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅក្រុងប៉ោយប៉ែតមានប្រវែង ១៥០ គីឡូម៉ែត្រ។ ហើយគម្រោងនេះអាចនឹងចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារ។ តាមការគ្រោងទុក គម្រោងផ្លូវល្បឿនលឿនដ៏ថ្លៃនេះ នឹងអាចបើកការដ្ឋានសាង សង់យ៉ាងយូរត្រឹម ឆ្នាំ២០២៤ ខាងមុខនេះ

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ គឺជាគម្រោងផ្លូវទី៣ហើយនៅកម្ពុជា បន្ទាប់ពីគម្រោងផ្លូវទី១ ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់លើទុនវិនិយោគជាង ២ពាន់លានដុល្លារ និងបានដាក់ឲ្យដំណើរការ កាលពីចុងឆ្នាំ២០២២កន្លងទៅ និងគម្រោងផ្លូវទី២ ភ្នំពេញ-បាវិត ទុនវិនិយោគប្រមាណជា១ពាន់៧រយលានដុល្លារដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ៕

រូបភាព: មន្ទីរសាធារការ និងដឹកជញ្ជូនខេត្តសៀមរាប