អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះខ្លឹមសារ The Cambodia Daily Khmer ចោទប្រកាន់ចំពោះព័ត៌មានប្រឌិតមកកាន់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះខ្លឹមសារ The Cambodia Daily Khmer មានចំណងជើងថា “គ្រួសាររបស់លោកហ៊ុន សែន ត្រូវគេរកឃើញថាជាអ្នកនៅពីក្រោយ នៃការចរាចរ គ្រឿងញៀន” ការលើកឡើងរបស់ The Cambodia Daily Khmer មានគោលបំណងបំភ្លៃព័ត៌មាន ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់អំពីស្ថានការណ៍កម្ពុជា មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសមកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគ្រួសាររបស់សម្ដេច។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ការលើកឡើងរបស់ The Cambodia Daly Khmer គឺជាការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ និងក្រុមគ្រួសារម្តងហើយម្តងទៀតក្នុងគោលបំណងបង្ខូចកិត្តិយស វិរបុរសសន្ដិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា ជាក់ស្ដែងកាលពីពេលកន្លងមកនេះ ក៏បានចុះផ្សាយពីក្រុមគ្រួសាររបស់សម្ដេចថា បានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅប្រទេសអូស្ត្រាលី ប៉ុន្តែធាតុពិតគឺសមត្ថកិច្ចរបស់ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា មិនពាក់ព័ន្ធនឹងសាច់ញាតិរបស់សម្ដេចតេជោ គឺលោកឧកញ៉ា ហ៊ុន តូ ក្នុងបញ្ហាគ្រឿងញៀន ដូចដែលបានចុះផ្សាយចោទប្រកាន់នោះឡើយ ពីព្រោះបើសិនវាជាការពិតដូចដែលបាន ចោទប្រកាន់នោះ ប្រាកដជាសមត្ថកិច្ចអូស្ត្រាលីបានចាត់វិធានការច្បាប់រួចបាត់ទៅហើយ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់សាធារណៈជន មេត្តាកុំជឿនូវការ ផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Daily Khmer ក្នុងគោលបំណងទុច្ចរិត បំបែកបំបាក់ ឯកភាពជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ដែលឧបាយកលទាំងអស់នេះតែងតែត្រូវបានលាត ត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក៕
ប្រភព៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD