| |

គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានថា អ្នកណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្ដន្ទាទោសតាមច្បាប់


នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្ដីប្រកាសព័ត៌មានថា អ្នកណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្ដន្ទាទោសតាមច្បាប់។ សេចក្ដីប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការតាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីឲ្យសន្លឹកឆ្នោតរបស់សពួកគាត់ក្លាយទៅជាសន្លឹកឆ្នោតមិនបានការ។

យោងតាមមាត្រាទី ១៤២ ថ្មីនៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលានរៀល) ទៅ ២០,០០០,០០០(ម្ភៃលានរៀល) ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ដែលប្រើមធ្យោបាយទុច្ចរិត ណែនាំ ញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ការធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងការធ្វើឲ្យភាន់ច្រឡំនាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនណា ដែលបានប្រព្រឹត្តបទល្មើសណាមួយខាងលើនេះ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល៥ឆ្នាំយ៉ាងតិច។

គ.ជ.ប ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្នោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់ៗគ្នា។

ប្រភព: គ.ជ.ប