|

មកមើលទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រលានយន្តហោះថ្មីសន្លាងរបស់កម្ពុជា លើទឹកដីអង្គរ!


ហេដ្ឋារចនាសម្ព័ន្ធអាគាររបស់ព្រលានយន្តហោះថ្មី បានលេចរូបរាងស្ទើរទាំងស្រុងហើយ ក្នុងនោះ មានផ្លូវរត់ និងកន្លែងអ្នកដំណើរឡើងចុះជាដើម។ ចំណែកការដំឡើងបរិក្ខាខាងក្នុងវិញ កំពុងរៀបចំខ្លះៗ រីឯផ្លូវថ្នល់តភ្ជាប់ពីព្រលានទៅកាន់ផ្លូវជាតិលេខ៦ ក៏កំពុងសម្រុកធ្វើខ្លាំងដែរ។ ជាមួយគ្នានេះ ប្រព័ន្ធទឹកស្អាត និងភ្លើង ក៏កំពុងត្រូវបានរៀបចំយ៉ាងល្អផងដែរ។

អាកាសយានដ្ឋានសៀមរាប ត្រូវបានរំពឹងថានឹងទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ជាច្រើន ដែលអាចឱ្យកម្ពុជាទទួលទេសចរច្រើនលាននាក់ក្នុងមួយឆ្នាំៗ។ ប្រទេសជាច្រើន បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ ដោយបើកប្រទេសឡើងវិញ រួមទាំងប្រទេសមួយចំនួនធំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងជំរុញឱ្យមានការងើបឡើងវិញនៃឧស្សាហកម្មនេះ កាន់តែមានលក្ខណៈល្អប្រសើរ។

ព្រលានយន្តហោះថ្មីនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៏អន្តរជាតិហោះហើរមកសៀមរាបដោយផ្ទាល់ មិនបាច់ចុះចតនៅប្រទេសផ្សេង ដែលនេះគឺជាក្តីសង្ឃឹមថ្មី សម្រាប់បងប្អូនអ្នកសៀមរាបក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

គួរបញ្ជាក់ថា ព្រលានយន្តហោះសៀមរាប-អង្គរមានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ ដោយត្រូវបានសាងសង់ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារអាម៉េរិក និងបើកដំណើរការនៅខែ តុលា ២០២៣ខាងមុខនេះ៕

រូបភាព: Siemreap សៀមរាប