កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីនជាលើកដំបូង ក្នុងបរិមាណច្រើនមិនធ្លាប់មានពីមុន
ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨,១៨៤តោន ស្មើនឹង ១៩១.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៩ ក្នុងនោះមានទីផ្សារថ្មីចំនួន១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសហ្វីលីពីន ដែលបាននាំចេញជាលើកដំបូងក្នុបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ២ ៥៧៥ តោន។
យោងតាមការឱ្យដឹងរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញទៅកាន់ទីផ្សារប្រទេសហ្វីលីពីនក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងដោយ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ដែលមាន លោក ឧកញ៉ា គឹម សាវុធ ជាអគ្គនាយក ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេច តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំង ឯកឧត្តមប្រធានាធិបតីប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកធ្វើការទស្សនៈកិច្ចនៅកម្ពុជាក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ផងដែរ។
ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បានមានការកើនឡើងប្រមាណជា ២៨.៦ % នៅឆ្នាំ ២០២២ កន្លងមក ព្រមទាំងបានលើកឡើងអំពីការកែសម្រួលច្បាប់ក្នុងការនាំចេញដែលអនុញ្ញាតឱ្យផ្នែកឯកជននាំចូលដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនរដ្ឋដូចមុននោះឡើយ។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីប្រទេសកម្ពុជាធ្វើការនាំចេញអង្ករលើកដំបូងនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ប្រទេសកម្ពុជាធ្លាប់នាំអង្ករទៅកាន់ប្រទេសហ្វីលីពីនតែចំនួន ២ដងគត់ គឺលើកទី១ នៅឆ្នាំ២០២០ ចំនួន ៣០០តោន និង ១០០ តោននៅឆ្នាំ២០២១។ ប្រទេសហ្វីលីពីនជាប្រទេសផលិត និងនាំចូលអង្ករធំមួយនៅក្នុងពិភពលោក ដែលឈរលំដាប់លេខរៀងទី៤ នៅលើពីភពលោក និងលេខរៀងទី២ បន្ទាប់ពីប្រទេសចិន នៅក្នុងទ្វីបអាស៊ី ដោយបាននាំចូលអង្ករ ប្រមាណជាជាង ៣លានតោន ហើយភាគច្រើនប្រទេសក្នុងអាស៊ានដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជាយើង។ សម្រាប់ការនាំចេញទ្រង់ទ្រាយធំជាលើកដំបូងមាននចំនួន ២៥៧៥តោន គឺបានដឹកចេញកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងបន្តនាំចេញនៅក្នុងរយៈពេលដ៍ខ្លីខាងមុខ៕
ប្រភព: ក្រសួងពាណិជ្ជកម្ម