|

ម្ចាស់មេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុម ស្រួង ភាវី ប្រកាសថានឹងនាំវេជ្ជបណ្ឌិតកូរ៉េ ចុះមកកម្ពុជាដើម្បីព្យាបាលជំងឺក្មេងៗ ដែលមានជំងឺ ៤ប្រភេទ


ស្រួង ភាវី កីឡាការនីឆ្នើម និងជាម្ចាស់មេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា អ្នកនាងនឹងនាំវេជ្ជបណ្ឌិតកូរ៉េ ចុះមកកម្ពុជាដើម្បីព្យាបាលជំងឺក្មេងៗ ដែលមានជំងឺ ៤ប្រភេទ។ 

តាមរយៈវីដេអូ ដែលនាងបានបង្ហោះលើបណ្ដាញសង្គមបានរៀបរាប់ថា «ក្នុងខែមិថុនា នៅថ្ងៃទី២៣-២៤ ខាងមុខនេះ នាងខ្ញុំនឹងនាំលោកគ្រូៗវេជ្ជបណ្ឌិតកូរ៉េ ដើម្បីធ្វើកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ ដើម្បីព្យាបាលក្មេងៗជំងឺ ៤ប្រភេទ ដោយក្រុមការងារនាងខ្ញុំកំពុងរៀបចំ ហើយនាងខ្ញុំនឹងប្រាប់ព័ត៌មានលម្អិតបន្ថែម ខាងមុខនេះឆាប់ៗ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនសប្បាយរីករាយ ជាមួយកិច្ចការមនុស្សធម៌ជាមួយនាងខ្ញុំ ប្រសិនបើបងប្អូនចង់ចូលរួមជួយ ឬស្មគ្រ័ចិត្ត ការងារមនុស្សធម៌នេះ ពុកម៉ែបងប្អូនអាចចូលរួមជាមួយនាងខ្ញុំបាន។» 

គួរបញ្ជាក់ថា បន្ទាប់ពីការឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ពីការប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជាឆ្នាំ២០២៣នេះ ស្រួង ភាវី តែងបានបង្ហាញនូវសកម្មភាពមនុស្សធម៌ជាច្រើន តាមរយៈការបរិច្ចាគថវិកាសម្រាប់មូលនិធិសប្បុរសធម៌ និងការឧបត្ថម្ភដល់ក្មេងៗដែលខ្វះខាតជាដើម។ តាមរយៈសកម្មភាពទាំងនេះ អ្នកនាង ស្រួង ភាវី ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់៕

ប្រភព៖ Sruong Pheavy