|

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បញ្ហាការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅនោះ នឹងលែងមានតទៅទៀត


ថ្លែងប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្ដេច បានអញ្ជើញកនាំកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផលការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ចំពោះបញ្ហាប្រឈម ករណីយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋនាឱកាសនេះ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត។ ក្នុងន័យនេះ ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងបានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ក្នុងការជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពបានប្រើប្រាស់។

សូមជម្រាបថា យោងតាមផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានេះ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក៏ប៉ុន្តែមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីពន្យានូវដំណើរការនៃការអនុវត្តផែនការនេះរហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបន្តអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា៕

Ministry of Interior Cambodia