| | |

Felix Damas ជាគ្រូបង្វឹកបាល់ទាត់ថ្មី ក្រោយ Keisuke Honda បញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា


ក្រោយពីលោក Keisuke Honda បានបញ្ចាប់ភារកិច្ចជាគ្រូបង្វឹកបាល់ទាត់កម្ពុជា Felix Damas ត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកបាល់ទាត់កម្ពុជាក្រោមអាយុ២៣ឆ្នាំ ដែលនឹងបន្តកិច្ចសន្យារយៈជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជារយៈពេល ៤ ឆ្នាំ (២០២៣-២០២៦) ក្រោយការប្រកាសតែងតាំងជាផ្លូវការបន្ទាប់ពីការប្រកួតស៊ីហ្គេម។

គ្រូបង្វឹករូបនេះ ក៏ជាអតីតជំនួយការគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (២០១៨-២០២០) ហើយក្រោយមកលោកបានចាកចេញពីក្រុមដោយសារហេតុផលផ្ទាល់ខ្លួន។ ចំពោះមូលហេតុដែលសហព័ន្ធសម្រេចជ្រើសរើសលោក Felix Damas មកចូលរួមដឹកនាំក្រុមសារជាថ្មីម្ដងទៀត គឺដោយសារតែការដឹកនាំរបស់ Felix រួមទាំងសមិទ្ធផលពីមុនគឺជាចំណុចដែលធ្វើឱ្យកម្ពុជាមានការពិចារណា និងមានមនោសញ្ចេតនាជាមួយគាត់។ ជាមួយគ្នានេះ ក៏មានលក្ខខណ្ឌមួយចំនួន ដែលត្រូវគ្នាជាមួយបរិបទបាល់ទាត់កម្ពុជា។ នេះបើយោងតាម លោក កែវ សារ៉ាត់ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលធ្លាប់បានលើកឡើង កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ថា Felix ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងការជួយកម្ពុជាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U២២ LG Cup ២០១៩ ជាលើកដំបូង ដែលជាការបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជានាពេលនោះ។ សម្រាប់ការត្រឡប់មកជាថ្មីនេះ Felix បានបង្ហាញមហិច្ឆតាខ្លាំងក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជា និងជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឆ្លងផុតវគ្គជម្រុះ World Cup ជុំទី១ឱ្យបានផងដែរ។