ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្រមុខរាជរដ្ឋាភិបាលបានបន្តបំពេញបេសកកម្ម និងតួនាទីរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ជាពិសេសការយកចិត្តទុកដាក់លើកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបន្ទាត់ព្រំដែន
នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ នាំយកអាវអាវភ្លៀង សម្ភារចាំបាច់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ កងកម្លាំង ប្រដាប់អាវុធទិសទី១ ទី២ ទី៣ ចំណុះយោធភូមិភាគទី៤ នៃកងទ័ពជើងស្ថិតក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ។
នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញ ភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងប្រទេសមានសុខសន្តិភាព ក៏កងកម្លាំង ទាំងអស់តែងតែចុះជួយសង្រ្កោះប្រជាពលរដ្ឋ។
ថ្លែងក្នុងកម្មវិធីនាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា« បើទោះបីពេលនេះកម្ពុជាកំពុងតែមានភាពសំបូរសប្បាយជាមួយការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក្ដីតែសូមបញ្ជាក់ថាពុក ម៉ែ មិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែននោះទេ» ជាក់ស្ដែងក្នុងពេលនេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងលើកទឹកចិត្តដល់ក្រុមកីឡាករតំណាងព្រះរាជាណាចក្រកម្ពុជាក៏ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលនូវតែបន្តយកចិត្តទុកដាក់លើកងកម្លាំងគ្រប់រូបដែលបាននិងកំពុងបំពេញភារកិច្ចប្រចាំ នៅភូមិសាស្រ្តប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត ជាពិសេសកងកម្លាំងដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែន។
សូមជម្រាបដែរថានៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញប្រគល់ អាវភ្លៀង អំណោយជាសម្ភារ និងថវិកា ជូនអង្គភាពកងកម្លាំងប្រដាប់អាវុធដែលឈរជើងក្នុងក្នុងទិសទាំង៣ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។