| | |

សម្តេច​ ម៉ែន សំអន៖ «គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកួត ត្រូវរក្សាបាននូវវិន័យ លក្ខខណ្ឌការប្រកួត ក្រមសីលធម៌ និងមានសាមគ្គីភាពល្អជាមួយកីឡាករ កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត»


នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយជានារី និងកីឡាការិនីជម្រើសជាតិកម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកសមាជិកាអង្គពិធីទាំងមូលដោយក្តីនឹករលឹក។ ទន្ទឹមគ្នានេះដែរ វិស័យកីឡាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ កន្លងមកកីឡាករកីឡាការរិនីយើងបានដណ្តើមយកនូវមេដាយជាច្រើន ជូនជាតិមាតុប្រទេសវិញ និងបានធ្វើឱ្យយើងមានឈ្មោះបោះសំឡេងនៅក្នុងតំបន់ និងពិភពលោក។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើលោក លោកស្រីជាគ្រូបង្វឹក គ្រូជំនួយជានារី និងក្មួយៗកីឡាការិនីជម្រើសជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គីភាពល្អជាមួយកីឡាករ កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឱ្យបាននូវក្រមសីលធម៌ល្អក្នុងការប្រកួត៕

ប្រភព: MoEYS Cambodia