ប្រទះឃើញសត្វផ្សោតទន្លេមេគង្គដែលមានអាយុប្រមាណ២០ឆ្នាំ ត្រូវបានស្លាប់នៅខេត្តស្ទឹងត្រែង
យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រមាណ ៦:៣០នាទី មានសត្វផ្សោតមួយក្បាលបានស្លាប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតនេះមានលេខសម្គាល់០៥៦ ទម្ងន់១៦០គីឡូក្រាម ប្រវែង២,៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ ដែលស្លាប់ដោយឧបករណ៍នេសាទមង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង គឺជាសត្វផ្សោតទី១ ដែលស្លាប់ក្នុងឆ្នាំ២០២៣នេះ។
ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងការការពារជាប្រចាំនៅតំបន់ដែលមានសត្វផ្សោតរស់នៅ ក៏ដូចជាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតំបន់ អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេមេគង្គនេះ។ នេះជាការរួមចំណែកធានានិរន្តរភាពនៃសត្វផ្សោតទន្លេមេគង្គ និងធនធានជលផលក្នុងធម្មជាតិ។
គួរបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គគឺជារតនសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ៩០ក្បាល រស់នៅតាមបណ្ដោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ បច្ចុប្បន្ននេះ សត្វផ្សោតក៏កំពុងរងការគំរាមកំហែងដោយឧបករណ៍នេសាទមង សន្ទួច រនង ឧបករណ៍ឆក់ និងឧបករណ៍មិនស្របច្បាប់មួយចំនួន របស់បងប្អូនប្រជានេសាទ៕
រូបភាព WWF-Cambodia