អ្នកលេងបណ្ដាញសង្គមថៃ មិនពេញចិត្តដែលថៃចំណាយលុយទិញសិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមពីកម្ពុជាក្នុងតម្លៃថ្លៃ


ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងចាប់ផ្តើមនៅក្នុងខែឧសភា ដែលកម្ពុជាយើងនឹងធ្វើទទួលបានសិទ្ធិជាម្ចាស់ផ្ទះក្នុងការរៀបចំ។ ក្នុងនោះ ប្រទេសថៃបានចរចាដើម្បីទិញសិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ ឱ្យសាធារណជនទស្សនាដោយមិនគិតថ្លៃ។ យ៉ាងណាមិញ ភាគីថៃបានស្នើឲ្យកម្ពុជាបញ្ចុះតម្លៃដោយលើកឡើងថាតម្លៃនេះថ្លៃពេក បើធៀបទៅនឹងម្ចាស់ផ្ទះអាស៊ានផ្សេងទៀត ដែលមានចំនួន ២៨លានបាត។

អនុប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម លោក Chaipak Siriwat មានសុទិដ្ឋិនិយមថា កម្ពុជានឹងយល់ព្រមកាត់បន្ថយថ្លៃសិទ្ធិផ្សាយ ដែលកម្ពុជាបានទាមទារពីប្រទេសថៃ នៅពេលតំណាងអាជ្ញាធរកីឡាថៃ ធ្វើដំណើរមកទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះ ដើម្បីចរចា។

តាមប្រភពសារព័ត៌មានថៃ បានឱ្យដឹងថាអាជ្ញាធរកីឡាថៃកំពុងស្វែងរកថវិកាពីជាតិ ដើម្បីរ៉ាប់រងលើចំណាយស្នើសុំទិញសិទ្ធិដើម្បីផ្សព្វផ្សាយ ទោះបីមានប្រតិកម្មមិនពេញចិត្តពីសំណាក់អ្នកលេងបណ្ដាញសង្គមថៃ និងបានបញ្ចេញមតិអវិជ្ជមានចំពោះតម្លៃនេះក៏ដោយ ដោយអ្នកមួយចំនួនបានលើកឡើងថា វាជាការចំណាយលុយខ្ជះខ្ជាយទៅលើរឿងនេះ ព្រោះបើ«ពួកគេមិនបានមើល ក៏មិនស្លាប់ដែរ»៕

ប្រភព៖ Thai PBS WORLD