ហេតុការណ៍អគ្គិភ័យឆេះដំណាក់ស្តេចនៅសៀមរាបព្រះអង្គចេកព្រះអង្គចម នៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុ
នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ២២៖០៥ នាទីយប់ អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុងនាម៉ោងប្រមាណ១២យប់ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
ជុំវិញហេតុការណ៍នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងការសោកស្ដាយចំពោះការឆាបឆេះអគារនៃព្រះរាជដំណាក់សៀមរាបដែលជាកន្លែងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងដែលបានអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ ។
រូបភាព: Facebook