|

សហភាពសហព័ន្ធយុវជនកម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀតលើទឹកដីខេត្តកំពង់ចាម


នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារពហុបំណង និងសមិទ្ធផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម។

នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាមដែលសម្រេចបានសមិទ្ធផលជាច្រើនក្នុងថ្ងៃនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម។

ឯកឧត្តមបានចាត់ទុកថា សកម្មភាពទាំងអស់នេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃអោយមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនអោយតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា សមិទ្ធិផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញអោយឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមនោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់ ស.ស.យ.ក អោយកាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា អគារពហុបំណងរបស់ស.ស.យ.ក. មានទីតាំងនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ យ៉ាងណាមិញសមិទ្ធផលថ្មីនេះ ក៏ដូចជាសមិទ្ធផលនានា ដែលសម្រេចបានជាបន្តបន្ទាប់របស់ស.ស.យ.ក. បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យដ៏សំខាន់ ក្នុងការជំរុញ បង្កើនប្រសិទ្ធភាពការងាររបស់ស.ស.យ.ក.ឱ្យកាន់តែប្រសើរឡើងថែមទៀត៕