មកដឹងខ្លះៗអំពីព្រះពុទ្ធប្បដិមា ដែលធំហើយខ្ពស់ជាងគេនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាដែលខ្ពស់ៗជាងគេលើពិភពលោក
កាលពីពេលថ្មីៗនេះ កឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពិទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូគោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
យោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធប្បដិមានេះ ជាព្រះពុទ្ធប្បដិមាដែលធំហើយខ្ពស់ជាងគេនៅ ព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗ នៅលើពិភពលោកនេះ មានទម្រង់ជា ព្រះពុទ្ធមារវិជ័យ ឬ ផ្ចាញ់មារ នៃរចនាប័ទ្មបាយ័ន ដែលជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ សតវត្សរ៍ទី១៣។ ព្រះពុទ្ធប្បដិមានេះ នឹងសាងសង់អំពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្ត្រទៅទិសខាងកើត មានកម្ពស់១០៨ ម៉ែត្រ ពីនីវ៉ូសូន្យនៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលី ដែលតំណាងមង្គលទាំង ១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែន នៅលើបល្ល័ង្កផ្កាឈូករាងរង្វង់(វដ្តសង្ខារ) ដែលទម្រង់ក្បាច់រចនាបល្ល័ង្កនេះ យកលំនាំតាមផ្នែកមួយរបស់សសរ ពេជ្រប្រាសាទដំរីក្រាបនៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី២ សតវត្សរ៍ទី៩ ។
ចំពោះខឿនផ្ទាល់ដី យកលំនាំតាមរចនាប័ទ្មអង្គរវត្ត ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ។ ចំណែកខឿនជាន់ទី១ មាន ក្តារបែន ឬ រានហាលនៅចំពីមុខ សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប ៧ អង្គ និងព្រះអសីតិសាវ័ក ៥ អង្គ សរុបចំនួន ១២ អង្គ(តំណាងឱ្យខែឆ្នាំទាំង១២) គង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធប្បដិមាអង្គធំ និងមាន ជណ្តើរចំនួន៨(តំណាងទិសទាំង៨ និងអរិយមគ្គទាំង៨) សម្រាប់ឡើងឆ្ពោះទៅកាន់ទីសក្ការៈនៃព្រះពុទ្ធប្បដិមា។
ជារួមគម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះ ជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា ដោយ ឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយព្រះពុទ្ធ ប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៌សាសនាជាតិ តជំនាន់សម្រាប់ជាទីសក្ការៈ ដ៏ឧដុង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គា្ន ជារហូតតរៀងទៅ ។
គួរជម្រាបផងដែរថា ការសាងសង់ព្រះពុទ្ធប្បដិមានេះ ត្រូវចំណាយពេលវេលាសាងសង់ប្រមាណ ៤ ឆ្នាំ ថវិកាប្រមាណ៣០ លានដុល្លារសហរដ្ឋអាមេរិក សាងសង់ដោយ ក្រុមហ៊ុន សុខា អូតែល ដែលមាន អ្នកឧកញ៉ា បណ្ឌិត សុខ គង់ ជាប្រធាន ក្រោមការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា៕
ប្រភព៖ រដ្ឋបាលខេត្តកំពត