|

ស.ស.យ.ក. រៀបចំសន្និសីទព័ត៌មានស្ដីពីការត្រៀមរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន


នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន ជុំវិញការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន។

បន្ទាប់ពីអាក់ខានប្រារព្ធឡើងតាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឡើងវិញនាឆ្នាំ២០២៣ខាងមុខនេះ នៅលើទឹកដីនៃខេត្តសៀមរាប ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព.ស. ២៥៦៦-២៥៦៧ ស្របពេលដែលស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩បានធូរស្រាល។

ព្រឹត្តិការណ៍អង្គរសង្ក្រាន គឺជាឱកាសនៃការបង្ហាញពីវប្បធម៌ អរិយធម៌ និងប្រពៃណី ទំនៀមទម្លាប់ ដែលជាកេរតំណែលរបស់បុព្វបុរសខ្មែរយើង រំលេចឡើងជាផ្ទាំងទស្សនីភាព ដើម្បីឱ្យយុវជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់អំពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣នេះ នឹងមានការរៀបចំទីតាំងកម្សាន្តចំនួន៦ និងមាន៤៤កម្មវិធី ដោយមានការធ្វើបទបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕