| |

ឆ្លើយតបទៅនឹងបញ្ហាស្រូវចុះថោក អភិបាលបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ិនកិនស្រូវទាំងអស់ ជៀសវាងការទិញទម្លាក់ទន្ទាបថ្លៃខ្លាំង


ថ្មីៗនេះ ប្រជាកសិករនៅខេត្តមួយចំនួនដូចជា បាត់ដំបង និងបន្ទាយមានជ័យបានបង្ហាញក្ដីកង្វល់ដោយសារការប្រឈមនឹងបញ្ហាតម្លៃស្រូវចុះថោក ជាបន្តបន្ទាប់ក្នុងអំឡុងពេលប្រមូលផលស្រូវរដូវវស្សាលើកទី២នេះ​ ខណៈតម្លៃជី និងថ្នាំកសិកម្មមានតម្លៃខ្ពស់។

ឆ្លើយតបទៅនឹងបញ្ហានេះ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយបងប្អូនប្រជាកសិករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសចុះពិនិត្យមើលនោះគឺដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗជូនប្រជាកសិករដូចជា ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងការប្រមូលផលស្រូវប្រជាពលរដ្ឋ ស្រូវដើមរដូវនេះ ពិនិត្យមើលតម្លៃស្រូវដែលមានការធ្លាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះដើម្បីធ្វើការសម្របសម្រួលជាមួយឈ្មួញ និងម្ចាស់រោងម៉ាស៊ិនកិនស្រូវដើម្បីសម្របសម្រួលការទម្លាក់ថ្លៃស្រូវ និងរៀបចំការប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវ ដើម្បីពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករយើងឱ្យមានតម្លៃសមរម្យ។

ឆ្លៀតក្នុងឱកាសនេះក្នុងនាមរដ្ឋបាលខេត្ត បានធ្វើការអំពាវនាវដល់អាជីវករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ិនកិនស្រូវទាំងអស់សូម ជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ ទន្ទាបថ្លៃខ្លាំង។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនឹងចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម។

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ