ក្រុមអ្នកវិភាគលើកឡើងថា៖ វត្តមានរបស់លោក Biden នៅកម្ពុជា គឺជាការផ្ញើសារដ៏សំខាន់មួយទៅកាន់មេដឹកនាំអាស៊ីអាគ្នេយ៍


ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ផ្ទះ លោកប្រធានាធិបតី បៃដិន បានប្រាប់សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកបានប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវសន្តិភាព និងវិបុលភាពទូទាំងតំបន់ ដោយការការពារប្រឆាំងនឹងការគំរាមកំហែងដូចជាការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតីបានរំពឹងថា ការបង្ហាញខ្លួនដោយផ្ទាល់នៅឯកិច្ចប្រជុំអាស៊ាននៅរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា នឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់រដ្ឋបាលរបស់លោកក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានចេតនាទប់ទល់នឹងការកើនឡើងរបស់ប្រទេសចិន នៅបណ្ដាប្រទេសអាស៊ានដែរ។ 

លោក Biden បាននិយាយនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទីបី ក្នុងនាមជាប្រធានាធិបតីថា «យើងនឹងកសាងអនាគតដ៏ល្អប្រសើរ ដែលយើងទាំងអស់គ្នាចង់ឃើញសម្រាប់ប្រជាជនមួយពាន់លាននាក់នៅក្នុងប្រទេសរបស់យើង»។

នៅក្នុងសុន្ទរកថាដ៏ខ្លីរបស់លោក ប្រធានាធិបតី បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងប្រទេសអាស៊ានរួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងតំបន់ ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់ទឹកស្អាត និងការផ្តល់ប្រាក់កម្ចីសម្រាប់គាំទ្រដល់សហគ្រិនស្ត្រីផងដែរ។

ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា វត្តមានរបស់លោក Biden បានផ្ញើសារដ៏សំខាន់មួយទៅកាន់មេដឹកនាំអាស៊ីអាគ្នេយ៍ដែលមានវត្តមានអំពីអាទិភាពរបស់រដ្ឋបាលរបស់លោក។ លោក Gregory B. Poling សមាជិកជាន់ខ្ពស់ និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានលើកឡើងថា «នេះពិតជាមធ្យោបាយមួយសម្រាប់រដ្ឋបាល Biden ដើម្បីបង្ហាញថាពួកគេប្តេជ្ញាវិលត្រឡប់ទៅរកការទូតធម្មតាវិញ»។ 

នៅមុនកិច្ចប្រជុំកំពូល អាស៊ានបានលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដោយបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការ​កំណត់​នេះ​បានអនុញ្ញាតឱ្យ​អាមេរិក​ឱ្យ​ឈរ​ជើង​ដូច​ចិនដែរ ​ដែល​បាន​បង្កើត​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​កាលពី​ឆ្នាំ​មុន​។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបញ្ចប់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ប្រកបដោយភាពជោគជ័យ និងផ្លែផ្កាគួរជាទីមោទក៕

ដោយ៖ Phat koemchhe
ប្រភព៖ The NewYourk Times