ស្បៀងជាច្រើនត្រូវបានបម្រុងទុកសម្រាប់ចែកជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអំឡុងពេលជួបនឹងបញ្ហាទឹកជំនន់
ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងបម្រុង ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហា និងផលប៉ះពាល់នានា ដែលបង្កឡើងដោយសារទឹកជំនន់។
ជាក់ស្ដែង មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ជូនថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ។
គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន ៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា ក្នុងនោះផ្ដោតទៅលើតំបន់ដែលទទួលរងផលប៉ះពាល់ខ្លាំងដែលរួមមាន ៖ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ជាដើម។
សរុបរួម គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់ ដែលក្នុងមួយកញ្ចប់ មានអង្ករចំនួន ២៥ គ.ក្រ, មី ០១ កេស (២៤កញ្ចប់), ទឹកត្រី ០១ យួរ (០៦ ដប), ទឹកស៊ីអ៊ីវ ០១យួរ (០៦ ដប), ទឹកសុទ្ធ ១ កេស (១២ ដប ១ ដបចំណុះ ១,៥ លីត្រ) និងត្រីខកំប៉ុង ០១ យួរ (១០ កំប៉ុង)៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម
រូបភាព៖ WMC, VAYO FM RADIO