ក្ដីសង្ឃឹមសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ អ្នកស្រាវជ្រាវបានបង្កើតទម្រង់អាំងស៊ុយលីនជាប្រភេទថ្នាំគ្រាប់ ដែលមានប្រសិទ្ធភាពដូចទៅនឹងការចាក់ដែរ


ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ British Columbia ប្រទេសកាណាដា បានរកឃើញ ទម្រង់អាំងស៊ុយលីន ជាប្រភេទថ្នាំគ្រាប់ចុងក្រោយបំផុតរបស់ពួកគេ ដែលអាចស្រូបចូលយ៉ាងមានប្រសិទ្ធភាពដូចទម្រង់ចាក់នៃអរម៉ូនអាំងស៊ុយលីនចូលទៅក្នុងស្បែក។

អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ គឺពឹងផ្អែកលើអាំងស៊ុយលីន មានន័យថា ពួកគេមិនអាចផលិតអរម៉ូនអាំងស៊ុយលីនបានទៀតទេ។  ដោយសារតែបញ្ហានេះ ពួកគេច្រើនតែត្រូវចាក់អាំងស៊ុយលីនច្រើនដងជារៀងរាល់ថ្ងៃ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេ។  ការចាក់ថ្នាំទាំងនេះច្រើនតែបណ្ដាលឱ្យមានការឈឺចាប់ ឬមិនស្រួលខ្លួន។

ដោយឡែក អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ក៏អាចត្រូវចាក់ថ្នាំអាំងស៊ុយលីនផងដែរ ជាពិសេសប្រសិនបើពួកគេមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់។​ លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះបង្ហាញថា យើងកំពុងដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍទម្រង់អាំងស៊ុយលីន ដែលនឹងលែងត្រូវការចាក់ទៀតហើយ វានឹងធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិត ក៏ដូចជាសុខភាពផ្លូវចិត្ត នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ជាងប្រាំបួនលាននាក់នៅជុំវិញពិភពលោក។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យបណ្ឌិត Anubhav Pratap-Singh អ្នកស៊ើបអង្កេតចម្បងនៃមហាវិទ្យាល័យប្រព័ន្ធដី និងអាហារ។

ដោយបានបំផុសគំនិតជាមួយបទពិសោធន៍របស់ឪពុកគាត់ក្នុងការរស់នៅជាមួយជំងឺទឹកនោមផ្អែមដែលតម្រូវឱ្យចាក់ថ្នាំរហូតដល់ ៣-៤ ដងក្នុងមួយថ្ងៃ វេជ្ជបណ្ឌិត Pratap-Singh បានស្វែងរកដំណោះស្រាយដោយព្យាយាមបង្កើតអាំងស៊ុយលីនដែលមិនប្រើវិធីចាក់។ យ៉ាងណាមិញ អាំងស៊ុយលីនប្រភេទគ្រាប់ ត្រូវបានធ្វើតេស្តលើសត្វកណ្តុរតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ វាអាចមានន័យថា អាំងស៊ុយលីនប្រភេទដែលមិនប្រើវិធីចាក់នេះអាចមានសម្រាប់មនុស្សប្រើប្រាស់នាពេលអនាគត។

ទោះបីជាបច្ចុប្បន្ន អាំងស៊ុយលីនភាគច្រើនកំពុងត្រូវបានបង្កើតជាធម្មតា ដោយបញ្ចេញអាំងស៊ុយលីនយឺតៗក្នុងរយៈពេលពី ២ ទៅ ៤ ម៉ោងក៏ដោយ ការចាក់អាំងស៊ុយលីនដែលមានសកម្មភាពរហ័សអាចបញ្ចេញអរម៉ូននេះបានយ៉ាងពេញលេញក្នុងរយៈពេលពី ៣០ ទៅ ១២០ នាទី។ ប្រភេទថ្នាំគ្រាប់ ពីមុនត្រូវចំណាយពេលយូរក្នុងការជ្រាបចូល ដោយភាគច្រើននៃកម្រិតអាំងស៊ុយលីនបានតាំងលំនៅនៅក្នុងក្រពះ ជាជាងទៅដល់គោលដៅដែលចង់បាននៅក្នុងថ្លើមរបស់មនុស្ស។

ជាធម្មតាអាំងស៊ុយលីនត្រូវបានផលិតនៅក្នុងលំពែង បន្ទាប់មកវាត្រូវបានប្រើប្រាស់នៅក្នុងថ្លើម ដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ឬជាតិស្ករ។ ក្រុមការងារចង់ឃើញពីរបៀបដែលពួកគេអាចបង្កើនអត្រាស្រូបយកអាំងស៊ុយលីនតាមមាត់ ដូច្នេះពួកគេបានបង្កើតថ្នាំគ្រាប់ដែលមិនចាំបាច់លេប ប៉ុន្តែរលាយនៅពេលដែលដាក់នៅចន្លោះអញ្ចាញធ្មេញ និងថ្ពាល់។

អ្នកស្រាវជ្រាវបានប្រើវិធីសាស្រ្តថ្មីមួយដោយប្រើ buccal mucosa (ភ្នាសស្តើងនៅក្នុងស្រទាប់ខាងក្នុងនៃថ្ពាល់ខាងក្នុង និងផ្នែកខាងក្រោយនៃបបូរមាត់) ដើម្បីជួយបញ្ជូនអាំងស៊ុយលីនត្រង់ទៅកាន់ថ្លើមដោយមិនបាត់បង់កម្រិតថ្នាំណាមួយឡើយ។

លោកវេជ្ជបណ្ឌិត Pratap-Singh សង្ឃឹមថា ការសិក្សានេះអាចបន្តទៅការសាកល្បងមនុស្សនាពេលខាងមុខ។ ទន្ទឹមនឹងការលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺទឹកនោមផ្អែម លោកជឿជាក់ថា ទម្រង់អាំងស៊ុយលីនដែលក្រុមរបស់លោកកំពុងអភិវឌ្ឍអាចមាននិរន្តរភាព សន្សំសំចៃ និងអាចប្រើប្រាស់បានសម្រាប់អ្នកជំងឺទឹកនោមផ្អែមទាំងឡាយ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Diabetes UK