អ្នកនាំពាក្យក្រសួងបរិស្ថាន៖ «កម្ពុជា បានឈានចូលរបត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ»


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ៧០០ដើមនៅថ្ងៃទីនេះ ក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលជាកិច្ចសហការរៀបចំរវាងក្រសួងបរិស្ថាននិងសាកលវិទ្យាល័យមេគង្គកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម បានធ្វើការលើកឡើងអំពីកិច្ចការដ៏មានសារៈសំខាន់នេះថា «ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ»។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីពង្រឹងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិកម្ពុជា ហើយដោយសារតែការអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ កម្ពុជាមាន លទ្ធភាពលក់ឥណទានកាបូននៅលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបានឈានដល់របត់ថ្មីនៃការរកលុយពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនដោយបានថ្លែងថា៖ «កម្ពុជាឈានដល់របត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក«រក្សាព្រៃឈរ ដើម្បីរកចំណូល»តាមរយៈការលក់ឥណទានកាបូន ទទួលបានចំណូល ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្តល់មធ្យោបាយ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងតាមរយៈការជំរុញលើកអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាដែលមានសក្តានុពលទេសចរណ៍។

ឯកឧត្តមរដ្ឋលេខាធិការបានកត់សម្គាល់ថាបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដី បង្កើតការងារ និងចំណូលជាច្រើនជូនដល់ពលរដ្ឋមូលដ្ឋាន៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងបរិស្ថាន