ហេតុអ្វីការពង្រីកវត្តមានរបស់ចិននៅកម្ពុជាជាការព្រួយបារម្ភរបស់វៀតណាម?
កាលពីខែមិថុនា ឆ្នាំ ២០២២ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រកាសថា ប្រទេសចិនកំពុងបើកមូលដ្ឋានយោធានៅមូលដ្ឋានទ័ពជើងទឹករាម ដែលមានទីតាំងនៅចុងភាគខាងត្បូងនៃប្រទេសកម្ពុជា ជិតនឹងដែនទឹកនៃសមុទ្រចិនខាងត្បូង។ យ៉ាងណាមិញ ទាំងកម្ពុជា និងចិនបានបដិសេធរួចមកហើយចំពោះព័ត៌មាននេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ ទៀ បាញ់ បញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាបានហាមប្រាមយ៉ាងតឹងរ៉ឹងចំពោះការទទួលកងទ័ពបរទេសនៅក្នុងទឹកដីរបស់ខ្លួន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺការជាប់ពាក់ព័ន្ធជាយុទ្ធសាស្ត្រនៃមូលដ្ឋានចិន នៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Wendy Sherman បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះការសាងសង់នេះ។ ខណៈពេលដែលសហរដ្ឋអាមេរិកមិនទាន់បានពន្យល់លម្អិតអំពីការគំរាមកំហែងដែលបង្កឡើងដោយការសង់មូលដ្ឋានទ័ពជើងទឹកចិននៅរាម អ្នកវិភាគភាគច្រើនលើកឡើងថា អាមេរិកនឹងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងប្រតិបត្តិការនៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង។
ប៉ុន្តែមូលដ្ឋាននៅរាមនឹងមិនធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់កងទ័ពជើងទឹក និងកងទ័ពអាកាសចិនក្នុងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងនោះទេ។ នាវាកងទ័ពជើងទឹក និងយន្តហោះរបស់ចិន ដែលឈរជើងនៅហៃណាន និងភាគខាងត្បូងប្រទេសចិន គឺស្ថិតនៅក្នុងជួរនៃប្រជុំកោះទាំងអស់ ដែលចិនទាមទារនៅក្នុងប្រជុំកោះ Paracel និង Spratly។
ប្រទេសចិនបានសាងសង់កោះសិប្បនិមិត្តយ៉ាងហោចណាស់ចំនួន ២០ នៅសមុទ្រចិនខាងត្បូង ដែលភាគច្រើននៃពួកគេមានហេដ្ឋារចនាសម្ព័ន្ធទំនើបជាងមូលដ្ឋានរាមទៅទៀត។ ប៉ុន្តែខណៈពេលដែលមូលដ្ឋានទ័ពនៅរាមមិនសូវសំខាន់សម្រាប់មហាអំណាចចិននៅសមុទ្រចិនខាងត្បូង វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់វៀតណាម។ ដោយសារតែឆ្នេរសមុទ្រភាគខាងកើតរបស់វៀតណាម ប្រឈមមុខនឹងកោះ Hainan របស់ចិន ប្រទេសចិនអាចបិទឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសវៀតណាមយ៉ាងឆាប់រហ័ស រួមទាំងមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់ខ្លួននៅឈូងសមុទ្រ Cam Ranh ។
ដោយសារកម្ពុជាមានព្រំប្រទល់ដីគោក និងសមុទ្រជាមួយប្រទេសវៀតណាម វត្តមានកងទ័ពជើងទឹកចិននៅរាម ក៏មិនឆ្ងាយប៉ុន្មានពីឆ្នេរភាគខាងត្បូងវៀតណាម វាក៏មានប្រយោជន៍សម្រាប់ប្រទេសចិន។ ការរួមបញ្ចូលគ្នានៃកងទ័ពជើងទឹកចិននៅហៃណាន និងរាម នឹងបិទតំបន់ឆ្នេរសមុទ្រវៀតណាមយ៉ាងមានប្រសិទ្ធភាព។ កងទ័ពវៀតណាមបានប្រយុទ្ធយ៉ាងក្លាហានក្នុងអំឡុងពេលការលុកលុយរបស់ចិនក្នុងឆ្នាំ ១៩៧៩ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរលើកងទ័ពរំដោះប្រជាជន ប៉ុន្តែនៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងនេះ កងទ័ពជើងទឹក និងទ័ពអាកាសវៀតណាមមិនមែនជាដៃគូប្រយុទ្ធសម្រាប់ចិនទេ។
វៀតណាម បានព្យាយាមអស់ជាច្រើនទសវត្សរ៍ដើម្បីទប់ឥទ្ធិពលចិននៅកម្ពុជា និងឡាវ។ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចដ៏លើសលប់របស់ចិនបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនេះមានការលំបាក។ នៅភាគខាងជើង ប្រទេសវៀតណាមមានព្រំប្រទល់ដីជាមួយប្រទេសចិន និងនៅភាគខាងលិចជាប់ជាមួយឡាវ និងកម្ពុជា។ ប្រទេសឡាវ និងកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិនសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ហើយបានក្លាយជាសម្ព័ន្ធមិត្តការទូតដ៏ជិតស្និទ្ធជាមួយចិន។
ជាជាងផ្តោតតែលើប្រទេសកម្ពុជា សហរដ្ឋអាមេរិកគួរតែសម្លឹងរកវិធីជួយវៀតណាមឱ្យកាន់តែសកម្ម។ មានពាក្យចចាមអារ៉ាមជាច្រើនឆ្នាំមកថា ឥស្សរជនវៀតណាមមួយចំនួនកំពុងពិចារណាអនុញ្ញាតឱ្យកងទ័ពជើងទឹកអាមេរិកត្រឡប់ទៅមូលដ្ឋានទ័ពចាស់សម័យសង្រ្គាមវៀតណាមនៅឈូងសមុទ្រ Cam Ranh ដោយសង្កេតឃើញកប៉ាល់ទ័ពជើងទឹកអាមេរិកបានទៅទស្សនាមូលដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ East Asia Forum