|

អនុប្រធានគណបក្សប្រជាជនកម្ពុជា «ការធ្វើជាមន្ត្រីល្អប្រពៃរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌»


គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតតាមរយៈជំនឿទុកចិត្តពីប្រជាពលរដ្ឋភ្លូកទឹកភ្លូកដីជាច្រើនអាណត្តិមកហើយ បច្ចុប្បន្នក៏នៅតែបន្តអនុវត្តគោលនយោបាយក្នុងបុព្វហេតុដើម្បីជាតិ និងប្រជាជន ក៏ដូចជាស្វែងរកបញ្ហាប្រឈមនានា និងកាលានុវត្តភាពផងដែរ។​

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ធ្លាប់បានលើកឡើងជុំវិញបញ្ហានេះថា ការស្វែងរកវិធីសាស្ត្រថ្មីៗរបស់បក្សប្រជាជន មិនមែនមានន័យថាមធ្យោបាយចាស់របស់យើងមិនមានប្រសិទ្ធិភាពឡើយ។ ផ្ទុយទៅវិញ ជាការបន្តស្វែងយល់ពីការប្រែប្រួល ត្រៀមខ្លួនទប់ទល់នឹងការប្រែប្រួលនឹងជួយឱ្យយើងបន្តភាពឈ្នះទៅមុខជាដាច់ខាត។ នេះបង្ហាញពីសមត្ថភាព និងភាពរឹងមាំក្នុងការដឹកនាំរបស់បក្ស។

ឯកឧត្តម ហ៊ុន ម៉ានី

ដោយឡែក កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ថ្លែងក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណ​បក្សជំនាន់ទី១៩ លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍លើកឡើងថា «តាមរយៈការធ្វើជាមន្ត្រីល្អរបស់គណបក្ស​ គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិតសីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្ត្រីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គងអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត»៕

លោកជំទាវ ម៉ែន សំអន

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Men Sam An Cambodia Deputy Prime Minister, Hun Many