|

«កម្ពុជា បានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា»


ឆ្នាំ២០២៣ ត្រូវបានរំពឹងថា ជាឆ្នាំដ៏សំខាន់របស់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្ដានុពលរបស់ខ្លួន ​តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ស្របពេលព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលជាលំហូរចូលនៃទេសចរជាតិ និងអន្តរជាតិ ជាផ្នែកមួយដែលជួយជំរុញ និងស្ដាវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញ និងបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយ ក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។

ជាក់ស្ដែង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយឯកឧត្ដម ថុង អ៊ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី បានលើកឡើងពីការជំរុញបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនអ្នកដំណើរ និងត្រៀមទទួលភ្ញៀវទេសចរនៅពេលស៊ីហ្គេមមកដល់។

ឯកឧត្តម ទិត ចន្ថា បានលើកឡើងថា«កម្ពុជានិងសិង្ហបុរីសង្ឃឹមថានឹងមានការបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីត្រៀមខ្លួននិងទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសគឺត្រៀមលក្ខណៈនៅពេលស៊ីហ្គេមមកដល់»។

ភាពល្អប្រសើរឡើងវិញនេះ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ឡើងវិញ ក្នុងនោះមានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាផងដែរ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ។ រយៈពេល៦ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាមានប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៥លាននាក់ទៀត។ នេះបើតាមការបន្ថែមរបស់ឯកឧត្ដម ទិត ចន្ថា៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងទេសចរណ៍
រូបភាព៖ ​Alamy