ក្រុមបុរសដែលស្រឡាញ់ភេទដូចគ្នា ត្រូវបានចាត់ទុកថាជាក្រុមដែលមានហានិភ័យនៃការឆ្លងជំងឺអុតស្វាខ្ពស់បំផុត
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោកបានប្រកាសអំពីហានិភ័យនៃការផ្ទុះឡើងនៃជំងឺអុតស្វា ដែលជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយថា ការផ្ទុះឡើងនៃជំងឺនេះ ច្រើនជាង ១៦,០០០ករណីត្រូវបានគេរកឃើញនៅទូទាំង ៧៥ ប្រទេសដោយរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ៥ នាក់នៅអាហ្វ្រិក។
ជាទូទៅរោគសញ្ញានៃជំងឺគ្រុនស្វារួមមាន គ្រុនក្តៅ ឈឺក្បាល អស់កម្លាំង និងកន្ទួលរមាស់។ ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺឆ្លង បានឱ្យដឹងថា រហូតមកដល់ពេលនេះ ភាគច្រើននៃករណីឆ្លងត្រូវបានរកឃើញលើបុរសដែលបានរួមភេទជាមួយបុរសដូចគ្នា ហើយបុគ្គលទាំងនេះ ត្រូវបានចាត់ទុកថាជាក្រុមដែលមានហានិភ័យខ្ពស់បំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ជំងឺអុតស្វាក៏ត្រូវបានរកឃើញលើស្រ្ដី និងកុមារផងដែរ។ វាអាចឆ្លងតាមរយៈការមានទំនាក់ទំនងផ្ទាល់ជិតស្និទ្ធជាមួយបុគ្គលដែលមានមេរោគនេះ ហើយឆ្លងតាមស្បែកទៅប៉ះស្បែក ប៉ុន្តែវាមិនឆ្លងដូចកូវីដ-១៩ទេ។ នោះហើយជាមូលហេតុដែលគ្រូពេទ្យមិនណែនាំឱ្យមនុស្សគ្រប់គ្នាប្រញាប់ប្រញាល់ទៅទទួលថ្នាំបង្ការ ជំនួសឱ្យការខំរក្សាអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ។
ដោយឡែក លោកវេជ្ជបណ្ឌិត Mussini ដែលមានបទពិសោធន៍ធ្វើការនៅផ្នែកមេរោគចំនួនជាង៣០ឆ្នាំ បានទទួលស្គាល់ថាជំងឺអុតស្វាយមិនវាយប្រហារប្រព័ន្ធភាពស៊ាំរបស់រាងកាយតាមរបៀបដូចមេរោគអេដស៍ទេ រោគសញ្ញាជាធម្មតាបាត់ទៅវិញបន្ទាប់ពីតែមួយ ពីរ ឬបីសប្តាហ៍ដោយមិនចាំបាច់ព្យាបាល។
លោកបានបញ្ជាក់ថា «នេះមិនគួរជាអ្វីដែលធ្វើឱ្យមនុស្សភ័យខ្លាចនោះទេ ប៉ុន្តែវាជាអ្វីដែលពួកគេគួរតែដឹង ដូចជាជំងឺកាមរោគដែរ។ ប្រជាជនគួរតែត្រូវបានជូនដំណឹងឱ្យបានច្បាស់អំពីលក្ខណៈនៃជំងឺនេះ និងអ្វីដែលជាហានិភ័យរបស់វា ហើយគួរតែទាក់ទងវេជ្ជបណ្ឌិតភ្លាមៗនៅពេលដែលមានរោគសញ្ញាណាមួយ»៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Local10.com, WHO