រដ្ឋមន្ត្រីក្រសួងកសិកម្ម​ទទួលស្គាល់ថាវិស័យឯកជននៅជួបប្រទះនឹងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ


វិស័យឯកជន បានចូលរួមយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា តាមរយៈការពង្រឹងគុណភាព ក៏ដូចជាយន្តការផលិតនៃទិន្នផលកសិកម្មផងដែរ។

យោងតាមប្រសាសន៍របស់ឯកឧ​ត្តម វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារកាលពីពេលថ្មីៗកន្លងទៅនេះថា «វិស័យកសិកម្មបាននឹងកំពុងមានការអភិវឌ្ឍ ដោយបានផលិតស្បៀងលើសពីសេចក្ដីត្រូវការក្នុងស្រុក ហើយកំពុងជំរុញ គាំទ្រ​ និងលើកទឹកចិត្តដល់វិស័យឯកជន និងដៃគូអភិវឌ្ឍនានា​វិនិយោគ លើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្ដង់ដារអនាម័យ សុវត្ថិភាព និងបង្កើនភាពប្រកួតប្រជែង។»

ឯកឧ​ត្តម វែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម បានបន្តថា «ព្រមជាមួយគ្នានេះ យើងក៏ទទួលស្គាល់ថាវិស័យឯកជននៅជួបប្រទះបញ្ហាប្រឈម ដែលត្រូវរួមគ្នាដោះស្រាយមានជាអាទិ៍៖ ប្រព័ន្ធស្ដុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ ទូរត្រជាក់ ហើយទាមទារចាំបាច់ ត្រូវធ្វើការគិតគូដោះស្រយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាបន្ត​បន្ទាប់។

យ៉ាងណាមិញ តាមរយៈពិធីនេះ បានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង របស់ក្រសួង និងស្ថានពាក់ព័ន្ធ ក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាទាំងឡាយ ក៏ដូចជាជួយដល់វិស័យកសិ-ឧស្សាហកម្មផងដែរ។ ជាពិសេសគឺ ការគាំទ្រដល់ការអនុវត្ត«ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Sakhon Veng