គណបក្សប្រជាជនកម្ពុជាកំណត់ទិសដៅទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនាឆ្នាំ២០២៣ ពេលខាងមុខ


នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។

អង្គសន្និបាតក៏បានបើកទូលាយឱ្យមានការចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។

ក្នុងឱកាសនេះ សម្ដេចពញាចក្រីបានលើកឡើងអំពីលក្ខណៈពិសេសរបស់គណបក្សប្រជាជនថា៖ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។ ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចពញាចក្រី បានបញ្ជាក់ថា កម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញនូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សទទួលបានជ័យជម្នះនៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។

ដោយឡែក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានបញ្ជាក់ថា ៖យើងមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង៕

ដោយ៖ Brandmedia
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister