វៀតណាមឈរលើចំណាត់ថ្នាក់លេខ១ ក្នុងនាមជាភ្ញៀវទេសចរដែលចូលមកកម្ពុជាច្រើនបំផុត
ក្រោយរដ្ឋាភិបាលកម្ពុជា បានបន្ធូរបន្ថយច្បាប់ចេញចូលដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តក្នុងប្រទេសខ្លួនរួចមក លំហូរចូលនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងជាលំដាប់។ ក្នុងនោះ អង្គរវត្តនៅតែជាគោលដៅចម្បងរបស់អ្នកទេសចរទាំងឡាយមកពីគ្រប់ទិសទី។
ជាមួយគ្នានេះ ភ្ញៀវទេសចរវៀតណាមឈរនៅចំណាត់ថ្នាក់លេខ១ ដែលមកម្សាន្តច្រើនជាងគេនៅកម្ពុជា ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា មានភ្ញៀវទេសចរវៀតណាមចំនួន ១៤៣,៣០០នាក់មកទស្សនាប្រទេសកម្ពុជាក្នុងអំឡុងខែមករាដល់ខែមិថុនា កើនឡើងជាង ២០ ដងពីមួយឆ្នាំទៅមួយឆ្នាំ។ តួលេខស្មើនឹង២៨ភាគរយនៃភ្ញៀវបរទេសដែល មកដល់កម្ពុជា។
យ៉ាងណាមិញ ក្រោយកម្ពុជា បានឈរក្នុងចំណាត់ថ្នាក់លេខ១ ក្នុងនាមជាប្រទេសដែលមានការគ្រប់គ្រងលើកូវីដ-១៩បានល្អបំផុតក្នុងចំណោម១២១ ប្រទេស ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា «ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញ នៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២»៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ ក្រសួងទេចរណ៍ Ministry of Tourism Cambodia, VnExpress