អតិផរណានៅកម្ពុជាត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ២.៥ ភាគរយនៅឆ្នាំនេះ ខណៈតម្លៃប្រេងនៅតែឡើងខ្ពស់


វិស័យឧស្សាហកម្មកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៩.២ ភាគរយនៅឆ្នាំ ២០២៣ ជាមួយនឹង តម្រូវការនាំចេញមានភាពល្អប្រសើរឡើង ដែលជួយជំរុញការផលិតសម្លៀកបំពាក់ និងផ្នែកមិនមែនកាត់ដេរ ខណៈដែលវិស័យកាត់ដេរត្រូវបានគេរំពឹងថានឹងកើនឡើង ៨.១ ភាគរយក្នុងឆ្នាំនោះ ដោយសារតម្រូវការនៅក្នុងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសមីយ៉ាន់ម៉ា។

សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៦.៦ ភាគរយនៅឆ្នាំ ២០២៣ ដែលខ្ពស់ជាងការព្យាករ ៥.៤ ភាគរយនៅឆ្នាំនេះ ដែលគាំទ្រដោយនិន្នាការកាន់តែប្រសើរឡើងនៃតម្រូវការសកល និងទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចំពេលស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ធូរស្រាល និងគ្រប់គ្រងបាន។ 

ទន្ទឹមនឹងនេះ អតិផរណាត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចុះមកត្រឹម ២.៥ ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ ៥ ភាគរយក្នុងឆ្នាំ ២០២២ ខណៈដែលនៅឆ្នាំនេះតម្លៃប្រេង និងទំនិញបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអន្តរជាតិដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយអត្រាប្តូរប្រាក់នឹងរៀលធៀបទៅនឹងប្រាក់ដុល្លាអាម៉េរិក ស្ថិតនៅប្រមាណ ៤.០៦៥ ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានពិចារណាលើការបង្កើនវិធានការអន្តរាគមន៍ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងអតិផរណា និងជំរុញការវិនិយោគក្នុងស្រុក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារដល់ប្រជាពលរដ្ឋផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មបានលើកឡើងក្នុងសន្និសីទស្ដីពី«ការផ្សព្វផ្សាយពិពណរណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥នៅប្រទេសកម្ពុជាថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ដែលជាការតភ្ជាប់យ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងប្រទេសជាដៃគូ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានប្រៀបលើការប្រកួត​ប្រជែងក្នុងរបត់ទីផ្សារសកលដែលកំពុងមានចលនាក្នុងសម័យឌីជីថល៤.០នេះ។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថានឹងងើបឡើងវិញប្រហែល ១២ ភាគរយ និង ១១.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) រៀងៗខ្លួន ដែលគាំទ្រដោយការកើនឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគ និងការផ្លាស់ប្តូរលឿនជាងមុននៅក្នុងខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងពិភពលោក។ ជុំវិញការងើបឡើងវិញនៃ FDI ត្រូវបានគេរំពឹងថានឹងអាចឱ្យទុនបម្រុងអន្តរជាតិរបស់កម្ពុជាឈានដល់ប្រហែល ២១ ពាន់លានដុល្លារ ដែលធានាថាសេដ្ឋកិច្ចនឹងអាចនាំចូលក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០២២ និងប្រហែល ២២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។

ដោយឡែក សេដ្ឋកិច្ចនៅឆ្នាំ ២០២៣ នឹងត្រូវការការគាំទ្រជាចម្បងពីវិស័យកសិកម្ម ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើង ១.១ ភាគរយ ជាមួយនឹងវឌ្ឍនភាពខ្លាំងក្នុងការចិញ្ចឹមសត្វ ការដាំដុះ និងអនុវិស័យជលផល ខណៈដែលការនាំចេញកសិផល ជាពិសេសទំនិញកសិឧស្សាហកម្មចម្រុះត្រូវបានគេរំពឹងថានឹងកើនឡើង។

យ៉ាងណាមិញ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលកម្ពុជា  សម្ដេច តេជោ ហ៊ុន សែន បានលើកឡើងថា «ទោះជាយ៉ាងណាក៏ដោយ វិស័យកសិកម្មនឹងនៅតែប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធដូចជា ផលិតភាពការងារ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រមានកម្រិត ការធ្វើពាណិជ្ជកម្មខ្សោយ និងការធ្វើពិពិធកម្មកសិកម្ម និងកង្វះការវិនិយោគក្នុងដំណើរការដើម្បីទទួលបានតម្លៃបន្ថែមជាដើម»៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Fibre2Fashion, ក្រសួងពាណិជ្ជកម្ម Ministry of Commerce