ទង្វើរបស់លោក ចូ បៃឌិន ចំពោះនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានមើលឃើញថាជាការគោរពក្នុងនាមជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត


នៅថ្ងៃព្រហស្បតិ៍ទី ១២ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃចាប់ផ្តើមកិច្ចប្រជុំកំពូលរវាងអាម៉េរិក ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានកម្ពុជាជាប្រធានប្ដូរវេន។ មេដឹកនាំកំពូលជាច្រើនរូប បានជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងអាហារពេលល្ងាចរួមគ្នានៅសេតវិមាន មុនពេលកិច្ចពិភាក្សានៅក្រសួងការបរទេស។

នៅក្នុងជំនួបកំពូលរវាងភាគីទាំងពីរ(អាស៊ាន-អាម៉េរិក) គេបានចាប់អារម្មណ៍ចំពោះទង្វើរបស់ប្រធានាធិបតី ចូ បៃឌិន ដែលបានសម្ដែងភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយកាន់ដៃសម្ដេចនាយករដ្ឋមន្ត្រីចុះពីលើឆាក។ កាយវិការរបស់ប្រធានាធិបតីអាម៉រិករូបនេះ ត្រូវបានមើលឃើញថា ជាការបង្ហាញពីគោលជំហរនៃការគោរព ឱ្យតម្លៃ ក្នុងនាមជាមិត្តក៏ដូចជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រនាថ្ងៃអនាគតផងដែរ។

យើងដឹងហើយថា អាស៊ាន-អាម៉េរិក ​ក៏ដូចជាកម្ពុជាផ្ទាល់ជាមួយអាម៉េរិក គឺមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ ហើយភាគីទាំងពីរក៏នៅតែបន្តស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ឱ្យកាន់តែប្រសើរថែមទៀត។ ជាក់ស្ដែង ចេតនាដែលអាម៉េរិកស្នើជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ទំនងជានឹងត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលនេះ។

រដ្ឋបាលរបស់លោក ចូ បៃឌិន សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះនឹងបង្ហាញដល់ប្រទេសនានាថា ទីក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេលវែងរបស់ចិន ដែលខ្លួនចាត់ទុកគូប្រជែងដ៏សំខាន់។ យ៉ាងណាមិញ អាម៉េរិកនៅតែបញ្ជាក់ថា «យើងមិនស្នើសុំឱ្យបណ្ដាប្រទេសនានានៃអាស៊ាន​ ធ្វើការជ្រើសរើសរវាងសហរដ្ឋអាម៉េរិក និងចិននោះទេ។ យើងគ្រាន់តែចង់បញ្ជាក់ឱ្យច្បាស់ ថាសហរដ្ឋអាម៉េរិកព្យាយាមពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ»។

ជាមួយគ្នានេះដែរ អាម៉េរិកក៏មានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុថ្មីរួមមានការវិនិយោគចំនួន ៤០ លានដុល្លារអាម៉េរិកនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ដែលមានបំណងជួយបំបែកការផ្គត់ផ្គង់ថាមពលក្នុងតំបន់ និង ៦០ លានដុល្លារក្នុងសន្តិសុខដែនសមុទ្រ ព្រមទាំងថវិកាសុខភាពប្រហែល ១៥ លានដុល្លារដើម្បីជួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  នេះបើតាមមន្ត្រីម្នាក់បានលើកឡើង។

គួរបញ្ជាក់ថា ការផ្តល់មូលនិធិបន្ថែមនឹងជួយប្រទេសនានាអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងច្បាប់បញ្ញាសិប្បនិម្មិតផងដែរ។ ដោយឡែកលោក Biden ក៏កំពុងធ្វើការលើគំនិតផ្តួចផ្តើមជាច្រើនទៀតដែលពាក់ព័ន្ធនឹងតំបន់ រួមទាំងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលហៅថា Build Back Better World និងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ CAN, Hun Many