«កូវីដ-១៩ បានផ្លាស់ប្ដូរប្រព័ន្ធអប់រំនៅកម្ពុជាទៅជាប្រព័ន្ធសិក្សាបែបកូនកាត់»


វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យក្លាយជាកម្លាំងចលករដ៏ចាំបាច់សម្រាប់ជួយជំរុញល្បឿនសេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជា។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យនេះយ៉ាងខ្លាំង ដោយការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក៏ដូចជាគោលនយោបាយនានា ក្នុងគោលដៅបង្កើនគុណភាពនៃការអប់រំឱ្យកាន់តែទូលំទូលាយ ដោយហេតុថា ការរីកចម្រើនៃវិស័យអប់រំ​ ជាកត្តាកំណត់ឱ្យមានភាពការប្រែប្រួលជាវិជ្ជមានយ៉ាងឆាប់រហ័សសម្រាប់សង្គមជាតិមួយ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ​ថ្មីៗនេះអ្នកជំនាញនៃគណៈកម្មាធិការសិទ្ធមនុស្ស (UNITED NATIONS HUMAN RIGHTS) បានសរសើរកម្ពុជាអំពីគោលនយោបាយការពារសិទ្ធកុមារ ដែលក្នុងនោះប្រព័ន្ធអប់រំបណ្ដុះបណ្ដាលកុមារនៅកម្ពុជាក៏ជាចំណុចសំខាន់ដែលត្រូវបានលើកឡើង។ ដោយយោងតាមរបាយការណ៍រួមរបស់កម្ពុជា បានបង្ហាញថា «រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដើម្បីពង្រឹងទាំងគុណភាព និងបរិមាណ។  យើងបានបង្កើនថវិកាសម្រាប់វិស័យអប់រំដល់ទៅប្រហែល ១៨ ភាគរយនៃការចំណាយជាតិ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវគុណវុឌ្ឍិរបស់គ្រូបង្រៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការលើកកម្ពស់កម្មវិធីសិក្សា និងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សគ្រប់កម្រិត ជាពិសេសកុមារី និងសិស្សពិការ និងតំបន់ជួបការលំបាក។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលបានផ្តល់កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល និងពីចម្ងាយ ទាំងតាមអ៊ីនធឺណិត និងនៅលើគេហទំព័រផ្សេងៗ។  លើសពីនេះ យន្តការជាច្រើនត្រូវបានដាក់ឱ្យដំណើរការដើម្បីការពារសិស្សពីជំងឺកូវីដ-១៩»។

«នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងអប់រំបានបង្កើតគោលនយោបាយអប់រំឌីជីថលយ៉ាងឆាប់រហ័ស។  សាលារៀនត្រូវបានបើក និងបិទជាញឹកញាប់ក្នុងអំឡុងពេលជំងឺរាតត្បាត ហើយដូច្នេះប្រព័ន្ធអប់រំបានផ្លាស់ប្តូរទៅជាប្រព័ន្ធសិក្សាកូនកាត់។  ប្រព័ន្ធនេះបានបម្រើសិស្ស ៣.៥ លាននាក់ ដែលផ្ដល់ការគាំទ្រដោយរដ្ឋាភិបាល វិស័យឯកជន និងអង្គការអន្តរជាតិ។ ឯប៉ុស្តិ៍ទូរទស្សន៍មួយត្រូវបានបង្កើតឡើងដើម្បីផ្តល់ការរៀនពីចម្ងាយសម្រាប់សិស្សដែលមិនមានអ៊ីនធឺណិតគ្រប់គ្រាន់។

ក្រសួងអប់រំបានជំរុញការអប់រំអក្ខរកម្មឌីជីថលសម្រាប់គ្រូបង្រៀន មាតាបិតា និងសិស្ស ដើម្បីធានាបាននូវភាពជោគជ័យនៃវេទិកាអប់រំឌីជីថល។  វាក៏បានលើកកម្ពស់ការគ្រប់គ្រងនៅតាមសាលារៀនផងដែរ ដែលអនុញ្ញាតឱ្យឪពុកម្តាយចូលរួមក្នុងការអប់រំ និងការគ្រប់គ្រងសាលារៀន។  មជ្ឈមណ្ឌលថ្មីសម្រាប់ការអប់រំឌីជីថលត្រូវបានដាក់ឱ្យដំណើរការដើម្បីគ្រប់គ្រង និងកែលម្អខ្លឹមសារអប់រំឌីជីថល។  រដ្ឋាភិបាល មានគោលបំណងបង្កើតថ្នាក់រៀនឌីជីថលនៅតាមសាលានីមួយៗផងដែរ»។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះយើងឃើញមានកម្មវិធីមួយ ដែលបង្កើតឡើងដោយក្រសួងអប់រំ គឺកម្មវិធី SmartStart High School សម្រាប់ផ្ដល់ឱកាសដល់សិស្សវិទ្យាល័យ ស្វែងយល់អំពី អាជីវកម្មឌីជីថល និងសហគ្រិនភាព។ កម្មវិធី SmartStart High School Edition វគ្គ Bootcamp ត្រូវបានរៀបចំឡើងនៅ ខេត្តកំពង់ឆ្នាំង កំពង់ធំ និងកំពង់ចាម សរុបប្រមាណជិត ១៨០ នាក់ ត្រូវបែងចែកជាក្រុមតូចៗ ដើម្បីណែនាំសិស្សវិទ្យាល័យ នូវមូលដ្ឋានគ្រឹះ នៃសហគ្រិនបែបឌីជីថល ដោយមានរួមបញ្ចូលទាំង មេរៀនអាជីវកម្មបែបឌីជីថល សហគ្រិនភាព និងជំនាញទន់សំខាន់ៗ ក៏ដូចជាបណ្តុះនូវ ផ្នត់គំនិតបែបសហគ្រិនទៅដល់សិស្សានុសិស្សផងដែរ។ សិស្សទាំងអស់បានទទួលចំណេះដឹងទូលំទូលាយអំពី ឧបករណ៍ និងជំនាញនៃ អាជីវកម្មតាមរយៈ សិក្ខាសាលា simulation របៀបនិងបែបបទក្នុងការធ្វើការជាក្រុម ការបង្វឹក ក៏ដូចជាករណីសិក្សាក្នុង កម្មវិធីទាំងមូល។

នេះជាសក្ខីភាព បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការជ្រោមជ្រែងវិស័យមួយនេះឱ្យកាន់តែល្អប្រសើរថែមទៀត។​ ជាពិសេសសិស្សានុសិស្សនឹងទទួលបានចំណេះដឹងពិតប្រាកដ ព្រមទាំងអាចពង្រីកការយល់ដឹងកាន់តែទូលំទូលាយជាមូលដ្ឋានក្នុងការតភ្ជាប់ខ្លួនជាមួយប្រទេសជាតិ ពោលគឺជាសសរទ្រូងដ៏រឹងមាំ នាពេលអនាគត៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ UNITED NATIONS HUMAN RIGHTS, MOEYS Cambodia
រូបភាព៖ AMS Education