ឯកឧត្តម នួន ផារ័ត្ន៖ «បើគ្មានការចូលរួមជាមួយ ស.ស.យ.ក. ខ្ញុំគិតថាខ្ញុំប្រហែលមិនអាចមានថ្ងៃនេះ»


កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ ឯកឧត្តម នួន ផារ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាភាពសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាក្រោមចំណុះលេខាធិការដ្ឋានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ដោយបានប្រារព្ធនៅមជ្ឈមណ្ឌលម៉ានី នៃអាគារ The Kampus ។ ជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានលេខាធិការដ្ឋាន  លោក លោកស្រី សមាជិក សមាជិកាស.ស.យ.ក. សរុបប្រមាណជាង ២០០ នាក់ផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បានថ្លែងទៅកាន់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលថា «គុណតម្លៃរបស់ស.ស.យ.ក. គឺជាគុណតម្លៃរួមដែលថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់ៗរូបត្រូវប្រកាន់ខ្ជាប់ និងរក្សាឱ្យបានជាប់ជានិច្ចក្នុងការបំពេញការងារដើម្បីបុព្វហេតុសង្គម និងប្រទេសជាតិ »។

លើសពីនេះ ឯកឧត្តមក៏បានលើកឡើង ទាក់ទងនឹងការចែករំលែកបទពិសោធន៍នៃដំណើររបស់លោកក្នុងនាមជាសមាជិកស.ស.យ.ក. ដោយផ្តើមចេញពីអ្នកស្ម័គ្រចិត្តធម្មតា រហូតដល់បច្ចុប្បន្នជាថ្នាក់ដឹកនាំមួយរូប។ ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា «បើគ្មានការចូលរួមជាមួយស.ស.យ.ក. ខ្ញុំគិតថាខ្ញុំប្រហែលមិនអាចមានថ្ងៃនេះ»។

យ៉ាងណាមិញ ឯកឧត្តម បានធ្វើការរៀបរាប់យ៉ាងសង្ខេបថា ស.ស.យ.ក មិនត្រឹមតែផ្តល់ឱកាសក្នុងការចូលរួមជាមួយកិច្ចការសង្គមនោះទេ ប៉ុន្តែស.ស.យ.ក. គឺអង្គការយុវជនមួយដែលដុះខាត់សមត្ថភាព បណ្ដុះសា្មរតីរបស់យុវជន ឱ្យចេះស្វែងយល់ពីខ្លួនឯង រៀនសូត្រពីអ្នកដទៃ និងបញ្ចេញសក្តានុពលរបស់ខ្លួនក្នុងនាមជាសសរទ្រូងរបស់ប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាក្នុងនាមជា អភិបាលនៃគណៈអភិបាលរាជធានី តែងបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយស្មារតីយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពដើម្បីបុព្វហេតុជាតិ ពិសេសគឺការបណ្ដុះនូវឆន្ទៈដ៏មានតម្លៃដល់យុវជនគ្រប់រូប តួយ៉ាងតាមរយៈបេសកកម្មរបស់ ស.ស.យ.ក.នេះជាដើម៕

ដោយ៖ ស សូនិតា
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia