សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សមាជិកសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង និងការកៀរគរការចូលរួមក្នុងសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្សព្វផ្សាយ អប់រំ បង្ការ និងព្យាបាលជំងឺទឹកនោមផ្អែម
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋសភាមានតួនាទីសំខាន់បំផុតនៅក្នុងការចូលរួមអប់រំ ផ្សព្វផ្សាយ ការយល់ដឹងពីជំងឺទឹកនោមផ្អែមដល់ប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ ការពារ និងស្វែងរកសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ជូនពលរដ្ឋ។ ជាស្ថាប័នតំណាងឱ្យប្រជាជន រដ្ឋសភាមានភារកិច្ចយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិនេះ។










ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ក្នុងឱកាសប្រារព្ធអបអរទិវាទឹកនោមផ្អែមពិភពលោក» ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាង គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ព្រមទាំងដៃគូពាក់ព័ន្ធនានា សម្តេចបានសង្កត់ធ្ងន់ថា “យើងត្រូវធានាថា អាទិភាពសុខាភិបាលសាធារណៈ ត្រូវបានឆ្លុះបញ្ចាំងមិនត្រឹមតែនៅក្នុងគោលនយោបាយជាតិនោះទេ ប៉ុន្តែថែមទាំងនៅក្នុងនីតិកម្ម ការបែងចែកធនធាន ការត្រួតពិនិត្យរបស់សភា និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋថែមទៀតផង។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការចាត់វិធានការជាបន្ទាន់ និងទាន់ពេលវេលា ដើម្បីបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឱ្យមានប្រសិទ្ធភាព និងការកំណត់ឱ្យឃើញច្បាស់ពីឫសគល់ដែលជាដើមចមនៃជំងឺទឹកនោមផ្អែម មុនពេលដែលជំងឺនេះបង្កផលវិបាកធ្ងន់ធ្ងរ។ សំខាន់ជាងនេះទៀត យើងត្រូវធានាឱ្យបានថាអ្នកជំងឺអាចទទួលបានការព្យាបាលទាន់ពេលវេលា និងមានតម្លៃសមរម្យ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍បន្តថា សារដ៏សំខាន់សម្រាប់ទាំងអស់គ្នាដែលត្រូវតែចងចាំ គឺ «ជំងឺទឹកនោមផ្អែមជាជំងឺដែលអាចបង្ការបាន ហើយផលវិបាករបស់វាអាចពន្យារពេល ឬជៀសវាងបាន តាមរយៈការរកឃើញទាន់ពេលវេលា និងការថែទាំប្រកបដោយប្រសិទ្ធភាព»។ បន្ថែមពីនេះ ការចាត់វិធានការទាន់ពេលវេលា នឹងជួយកាត់បន្ថយផលប៉ះពាល់ចំពោះមនុស្សនិងសេដ្ឋកិច្ច បានយ៉ាងច្រើនថែមទៀតផង។ ក្នុងន័យនេះ «យើងត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ការពារឱ្យបាន រកឱ្យឃើញពីមូលហតុ និងព្យាបាលឱ្យបានឆាប់រហ័ស»។
ប្រធានរដ្ឋសភា បានលើកឡើងថា តាមរយៈតួនាទីរបស់រដ្ឋសភាក្នុងការពិនិត្យ និងអនុម័តថវិកាជាតិ សភាអាចពិនិត្យ និងអនុម័តធនធានដែលជាតម្រូវការសម្រាប់ការការពារ ការរកឃើញជំងឺឱ្យបានឆាប់ ការថែទាំសុខភាពបឋម និងលទ្ធភាពទទួលបានឱសថចាំបាច់។ ដើម្បីសម្រេចបាននូវគោលនយោបាយសុខាភិបាលសាធារណៈប្រកបដោយប្រសិទ្ធភាព ទាមទារនូវហិរញ្ញប្បទានប្រកបដោយចីរភាព ជាដើម។
















