កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គាំទ្រឱ្យកម្ពុជា-ថៃ ចាប់ផ្ដើមការងារវាស់វែង និងបោះបង្គោលព្រំដែន JBC ឡើងវិញឱ្យបានឆាប់រហ័សបំផុត!
ភ្នំពេញ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង បានអំពាវនាវឱ្យកម្ពុជា-ថៃ ចាប់ផ្ដើមអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកឡើងវិញ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។










ការអំពាវនាវនេះ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីសម្រេចស្ដីពី «ស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពក្នុងតំបន់ប្រើប្រាស់ភាសាបារាំង» ដែលមានចំនួន ៨៤ ចំណុច និងត្រូវបានអនុម័តក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ យោងតាមខ្លឹមសារដែលបានបញ្ជាក់ឡើងវិញដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថាក្នុងសេចក្ដីសម្រេចនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសហ្វ្រង់កូហ្វូនីបានបង្ហាញក្ដីបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ជាមួយគ្នានេះ កិច្ចប្រជុំបានជំរុញឱ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញនូវសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងចាប់ផ្ដើមការងាររបស់ JBC ឡើងវិញឱ្យបានឆាប់រហ័សបំផុត។
ដោយឡែក សេចក្ដីសម្រេចដដែលក៏បានសង្កត់ធ្ងន់ថា រាល់វិវាទព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយមិនប្រើប្រាស់កម្លាំង ឬចាត់វិធានការឯកតោភាគីដែលអាចផ្លាស់ប្ដូរស្ថានភាពព្រំដែនឡើយ។ ភាគីទាំងពីរត្រូវគោរពឱ្យបានពេញលេញនូវបទឈប់បាញ់ និងជៀសវាងសកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងឡើងវិញ ព្រមទាំងបន្តប្រើប្រាស់យន្តការសន្ទនា និងដោះស្រាយវិវាទដោយសន្តិវិធី រួមទាំងយន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
គួរបញ្ជាក់ថា ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងពីការប៉ះទង្គិចប្រដាប់អាវុធចំនួនពីរលើកក្នុងឆ្នាំ២០២៥ និងបានបញ្ជាក់ថា «កម្ពុជាមិនមែនជាភាគីផ្ដើមការបាញ់ប្រហារនោះទេ»។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា «ការធានាឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងថ្លៃថ្នូរ គឺជាអាទិភាពរបស់កម្ពុជា»។













