ក្រុមហ៊ុន Microsoft រកឃើញមូលហេតុសំខាន់ ៣ ជាហេតុនាំឱ្យប្រព័ន្ធសេវាកម្មទូទាំងពិភពលោកដាច់អស់រយៈពេល ២៤ម៉ោង
ក្រុមហ៊ុន Microsoft បានកំណត់អត្តសញ្ញាណមូលហេតុសំខាន់ៗចំនួន៣ ដែលបង្កឱ្យប្រព័ន្ធសេវាកម្មរបស់ខ្លួន រួមមាន Outlook, Exchange និងកម្មវិធីការងារសំខាន់ៗជាច្រើនផ្សេងទៀត ជួបប្រទះការដាច់សេវាទូទាំងពិភពលោកកាលពីសប្តាហ៍មុន។

តាមរបាយការណ៍បឋមដែលក្រុមហ៊ុនបានស្រាវជ្រាវកន្លងមក និងបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា មូលហេតុទាំង៣ រួមមាន៖ កំហុសបច្ចេកទេសដែលមានតាំងពីប៉ុន្មានខែមុន, បញ្ហាដំណើរការបណ្តាញតភ្ជាប់ខាងក្នុង, និងសមត្ថភាពម៉ាស៊ីនមេមិនគ្រប់គ្រាន់។ កត្តាទាំងនេះ បានកើតឡើងស្របពេលគ្នា បណ្តាលឱ្យប្រព័ន្ធទាំងមូលរងការរំខានធ្ងន់ធ្ងរ និងពិបាកស្តារឡើងវិញ។
ជាមួយគ្នានេះ លោក Charles Lamanna អនុប្រធានប្រតិបត្តិផ្នែក Copilot, Agents និង Platform របស់ Microsoft បានបញ្ជាក់ថា កំហុសបច្ចេកទេសមួយដែលមានតាំងពីខែកក្កដា បានធ្វើឱ្យម៉ាស៊ីនមេរបស់ក្រុមហ៊ុនផ្ទុកការងារលើសកម្រិត និងបញ្ឈប់ការឆ្លើយតប។ ជាមួយគ្នានេះ ច្រកតភ្ជាប់បណ្តាញមួយក្នុងចំណោមច្រកសំខាន់ពីររបស់ក្រុមហ៊ុនមិនដំណើរការសម្រាប់ Microsoft Teams ដែលធ្វើឱ្យដំណើរការទិន្នន័យទាំងអស់កកស្ទះនៅ Data Spaces ដែលនៅសល់។ លើសពីនេះ សមត្ថភាពម៉ាស៊ីនមេជាង ១៤% ក៏មិនអាចដំណើរការបាន ដោយសារបញ្ហាផ្សេងមួយចំនួនដែលកើតឡើងតាំងពីប៉ុន្មានថ្ងៃមុន។
ហេតុការណ៍នេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បន្ទាប់ពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិករាយការណ៍ថា មិនអាចចូលប្រើគណនីអ៊ីមែល Outlook បាន ហើយបញ្ហាបានរីករាលដាលដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោក។ ការដាច់សេវានេះបានប៉ះពាល់ដល់មន្ទីរពេទ្យ សាលារៀន អង្គភាពនគរបាល និងស្ថាប័នសាធារណៈមួយចំនួន ដោយមន្ទីរពេទ្យខ្លះត្រូវប្តូរមកប្រើប្រាស់ឯកសារក្រដាស ខណៈសាលារៀនមួយចំនួន ក៏បានបាត់បង់លទ្ធភាពទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សផងដែរ។
ក្រុមហ៊ុនបានបញ្ជាក់ថា សេវាកម្មត្រូវបានស្តារឡើងវិញទាំងស្រុងនៅថ្ងៃសៅរ៍ ព្រមទាំងបានសុំទោសចំពោះការរំខានដែលបានកើតឡើង។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ហេតុការណ៍នេះមិនមែនបណ្តាលមកពីការវាយប្រហារតាម Scams នោះទេ។
ដោយឡែក Microsoft ក៏គ្រោងចេញផ្សាយរបាយការណ៍ចុងក្រោយ ដោយបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុ និងដំណោះស្រាយចំពោះបញ្ហានេះផងដែរ។
ប្រភព៖ The Guardian

















