កម្ពុជា និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ក្នុងតំបន់


រាជធានីភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសថ្មីមួយដែលបានចូលរួមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូសម្រាប់ឱកាសក្នុងវិស័យបញ្ញាសិប្បនិម្មិត។ តាមរយៈការចូលរួមនេះ កម្ពុជាបានក្លាយជាភាគីមួយជាមួយសហរដ្ឋអាមេរិក និងប្រទេសដៃគូចំនួន ៥៤ ផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងការចែករំលែកចក្ខុវិស័យរួមគ្នាថា អនាគតនៃបញ្ញាសិប្បនិម្មិតពិសេស (Super Intelligence ឬ SI) ត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដែលអាចទុកចិត្តបាន សន្តិសុខសេដ្ឋកិច្ច នវានុវត្តន៍ និងការប្រកួតប្រជែងដោយយុត្តិធម៌។

ពិធីចុះហត្ថលេខាជាផ្លូវការលើសេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពី លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បច្ចុប្បន្ន កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការចាប់ដៃគូជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីជំរុញវិធីសាស្ត្រអភិវឌ្ឍន៍ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ក្នុងវិស័យ SI តាមរយៈការផ្តោតលើអាទិភាពរួមសំខាន់ៗ រួមមានការធានាខ្សែច្រវាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ការជំរុញការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សតវត្សរ៍ខាងមុខ។

កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ នឹងនាំមកនូវការកសាងអនាគតវិស័យ SI ដែលបម្រើដល់ផលប្រយោជន៍ប្រជាជន ពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការផ្តល់អំណាចដល់សហគ្រិនភាព នវានុវត្តន៍ និងការអនុវត្តនីតិរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រភព៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា