ឯកឧត្តមបណ្ឌិត សោម រតនា៖ “បម្រែបម្រួលទីផ្សារ ទាមទារឱ្យមានការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន ដែលឆ្លើយតប និងការបន្តពង្រឹងគុណភាពមិនដាច់”
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូមន្ត្រីវាយតម្លៃគុណភាពអប់រំ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បានលើកឡើងថា «បម្រែបម្រួលទីផ្សារ ទាមទារឱ្យមានការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនដែលឆ្លើយតប និងការបន្តពង្រឹងគុណភាពមិនដាច់» នាឱកាសប្រកាសបើកបេសកកម្មវាយតម្លៃគុណភាពអប់រំកម្រិតគ្រឹះស្ថាន នៅសាកលវិទ្យាល័យប៊ែលធី កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លី ណាវុធ សាកលវិទ្យាធិការ ឯកឧត្តម លោក លោកស្រី សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសាកលវិទ្យាល័យ ព្រមទាំងមន្ត្រីវាយតម្លៃនៃ គ.ទ.ក. ជាច្រើនរូប។








បន្ទាប់ពីបានស្តាប់នូវមតិស្វាគមន៍របស់ឯកឧត្តមសាកលវិទ្យាធិការ លី ណាវុធ រួចមក ឯកឧត្តមបណ្ឌិតប្រធានគណៈប្រតិភូ បានសម្តែងការកោតសរសើរដល់ឯកឧត្តមសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រប់ជាន់ថ្នាក់ ដែលបានស្ម័គ្រចិត្តស្នើឱ្យ គ.ទ.ក. ចុះពិនិត្យ និងវាយតម្លៃ ដោយចាត់ទុកថានេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យ ក្នុងការពង្រឹងគុណភាពអប់រំ។
ឯកឧត្តមបណ្ឌិត សោម រតនា បានមានប្រសាសន៍បន្ថែមថា ការយកចិត្តទុកដាក់របស់សាកលវិទ្យាល័យលើការពង្រឹងគុណភាពនេះ មិនត្រឹមតែនឹងជួយដល់ប្អូនៗនិស្សិតឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកការងារធ្វើក្រោយពីបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកដ៏មានអត្ថន័យឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្សផងដែរ។
រូបភាព៖ សាកលវិទ្យាល័យប៊ែលធី

















