កូវីដ-១៩ បានធ្វើឱ្យកម្លាំងពលកម្មស្រ្តីក្នុងវិស័យទេសចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់
ដោយ៖ ផាត់ គឹមឆែ
នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការចូលរួមពីថ្នាក់ដឹកនាំស្រ្តី តាមអគ្គនាយកដ្ឋានវិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញសរុបប្រមាណ១០០នាក់ ។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ«សមភាពយេនឌ័រ» ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្របញ្រ្ជាប និងលើកកម្ពស់យេនឌ័រក្នុងវិស័យរបស់ខ្លួនស្របតាមយន្តការជាតិ។
ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ-១៩ កម្លាំងពលកម្មស្ត្រីក្នុងវិស័យទេសចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពី៦០% មកត្រឹមប្រមាណ៤៧%នៃកម្លាំងពលកម្មស្រ្តីសរុបដែលកំពុងបម្រើការ។
យោងតាមទិន្នន័យនេះ ការធ្លាក់ចុះនេះបណ្ដាលមកពីសេវាកម្មកម្សាន្តទេសចរណ៍មាន៖ ខារ៉ាអូខេ ក្លឹបកម្សាន្ត សេវាម៉ាស្សា ស្ប៉ា បៀរហ្គាឌិន ឌីស្កូតែក ដែលជាសេវាកម្មមានស្ត្រីបម្រើការងារច្រើនជាងគេ ក្នុងចំណោមសេវាកម្មទេសចរណ៍ត្រូវបានបិទ-ផ្អាកមិនឱ្យដំណើរការ។ ការបាត់បង់ការងារទាំងនោះបណ្ដាលឱ្យស្រ្តីមួយចំនួនប្រឈមនឹងភាពក្រីក្រ និងអំពើហិង្សាជាងបុរស។
ដូចនេះ ដើម្បីស្ដារឡើងវិញនូវគោលនយោបាយ និងកម្មវិធីនានារបស់ក្រសួង ក្រសួងនៅតែបន្តលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្ដានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ក្រសួងបានយកឱកាសនៃវិបត្តិកូវីដ-១៩ ដើម្បីពង្រឹងគុណភាព សេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាព ដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះក្នុងឆ្នាំ២០២២ខាងមុខ៕
ប្រភព៖ ក្រសួងទេសចរណ៍
កែសម្រួលដោយ៖ BRANDMEDIA