ឯកឧត្តម ខៀវ កាញារីទ្ធ កោតសរសើរមន្ទីរពេទ្យកាល់ម៉ែត ចំពោះសេវាព្យាបាលប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស.


នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាវាគ្មិនពិសេស ក្នុងបាឋកថាជាស៊េរី “កេរដំណែលរស់៖ គុណតម្លៃ ៧មករា” ក្រោមប្រធានបទ “វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ” នៅសាលប្រជុំ នៃវិមាន ៧ មករា។

នាឱកាសនោះ ឯកឧត្តមបានលើកឡើង ពីលទ្ធផលល្អប្រសើរក្នុងវិស័យសុខាភិបាល និងបានបង្ហាញពីចំណុចជាវិជ្ជមាននៃការយកចិត្តទុកដាក់របស់រដ្ឋាភិបាល លើវិធានការសម្រាលបន្ទុកប្រជាពលរដ្ឋ ដោយបង្កើតឱ្យមានប័ណ្ណក្រីក្រ ជាពិសេសប័ណ្ណ ប.ស.ស។ ក្នុងនោះឯកឧត្តម បន្តថា វិធានការទាំងនេះ គួរមានការចុះពន្យល់ និងណែនាំតាមសហគមន៍នានា ដើម្បីអាចឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ទាំងនេះ។

ទន្ទឹមនោះផងដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា កាលជំនាន់មុន ទាំងធនធានមនុស្ស និងវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលនៅមានកម្រិត។ ផ្ទុយទៅវិញបច្ចុប្បន្ននេះ វិស័យសុខាភិបាលនៅក្នុងប្រទេសកន្ពុជា មានការអភិវឌ្ឍន៍ខ្ពស់ ដែលទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ និងចាត់ថ្នាក់មន្ទីពេទ្យចំនួន ៣ នៅកម្ពុជា រួមមាន៖ មន្ទីពេទ្យកាល់ម៉ែត្រ នៅលេ១, មន្ទីពេទ្យអង្គឌួង លេខ២ និងមន្ទីពេទ្យរុស្សី លេខ ៣ ដែលទទួលបានឱ្យតម្លៃខ្ពស់ពីសំណាក់ប្រជាពលរដ្ឋផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែង ផ្ដល់សេវាព្យាបាល ប្រកបដោយក្រមសីលធម៌ គ្រូពេទ្យមានការបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ ជាងនេះទៅទៀតគឺ សម្ភារៈសម្រាប់ការថែរទាំ និងព្យាបាលអ្នកជំងឺ មានគ្រប់គ្រាន់ មិនឱ្យចាញ់មន្ទីពេទ្យនៅស្រុកក្រៅឡើយ។

ដោយឡែក ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ដោយលើកទឹកចិត្ត ឱ្យក្រុមយុវជនជំនាន់មុន មានការចុះពន្យល់ និងណែនាំបន្ថែមពីអត្ថប្រយោជន៍ ព្រមទាំងជំរុញឱ្យមានការទទួលស្គាល់ និងឱ្យតម្លៃលើអាទិភាពជាសំខាន់ ដោយសង្កត់ធ្ងន់ថា ធ្វើយ៉ាងណាជៀសឱ្យបាននូវ «អយុត្តិធម៌ក្នុងសង្គម»។