ឡាវ វាយតម្លៃកម្ពុជា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង


ដោយ៖ ផាត់ គឹមឆែ

នាព្រឹកថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់វ៉ាក់សាំងកូវីដ-១៩(ស៊ីណូវ៉ាក់)ចំនួន៥០០,០០០ដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមជាអធិបតី ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។

អំណោយមនុស្សធម៌វ៉ាក់សាំងនេះ គឺដើម្បីបម្រើដល់ការចាំបាច់ក្នុងការប្រឆាំងទប់ទល់នឹងជំងឺកូវីដ-១៩ដែលកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅប្រទេសឡាវ។ តំណាងឱ្យរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតឡាវ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ បានសម្ដែងការអរគុណចំពោះកម្ពុជា ដែលអំឡុងពេលកម្ពុជាក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដូចគ្នា តែកម្ពុជាបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រទេសជាមិត្តជាប់របង ចែករំលែកជំនួយដ៏មានតម្លៃនេះជាវិភាគទានដល់សាធារណរដ្ឋប្រជាមានិតឡាវ ក្នុងបំណងរួមគ្នាប្រឆាំងនឹងជំងឺដ៏សាហាវមួយនេះ។ តំណាងភាគីឡាវបានបង្ហាញការតាំងចិត្តថា កម្ពុជា-ឡាវ ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្ថិតស្ថេរយូរអង្វែង។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ពីការផ្ដល់ជំនួយដល់ប្រទេសជិតខាងជាពិសេសជំនួយដល់សម្ព័ន្ធមិត្តឡាវថា «ខ្ញុំមិនអាចបំភ្លេច ហើយខ្ញុំមិនមែនជាមនុស្សអគុណធម៌ទេ»។ កម្ពុជាចេះដឹងគុណ ព្រោះពេលវេលាដ៏លំបាកបំផុតរបស់កម្ពុជានៅឆ្នាំ១៩៧៩ ពេលនោះប្រទេសឡាវក៏ជួបការលំបាក តែឡាវបានចែករំលែកសម្រាប់ប្រជាជនយើងក្នុងដំណាក់កាលនោះ។ សម្ដេចបញ្ជាក់ថា ទឹកចិត្តនេះយើងត្រូវកត់ត្រាទុក ហើយយើងតបស្នងនៅពេលដែលយើងមានលទ្ធភាពតបស្នងក្នុងពេលដែលមិត្តជួបការលំបាក។

គួរបញ្ជាក់ថា នេះជាវិភាគទានទី៣ ពីកម្ពុជាចំពោះសាធារណរដ្ឋប្រជាមានិតឡាវ ដែលកន្លងមកកម្ពុជាបានផ្ដល់អំណោយជូនឡាវ ជាម៉ាស ជាវ៉ាក់សាំង និងជាសាច់ប្រាក់សុទ្ធមួយចំនួន។ កាយវិការនេះ បង្ហាញពីចំណងមិត្តភាព និងភារតភាពនៃប្រទេសទាំងពីរក្នុងការជួយដោះស្រាយគ្នា លើបញ្ហាដែលពិភពលោកកំពុងជួបប្រទះនាពេលកន្លងមកនេះ៕