យូណេស្កូ និងស្ថាប័នជាតិ-ដៃគូ បន្តពង្រឹងការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងសាលារៀនកម្ពុជា


ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ យូណេស្កូប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាណែនាំស្តីពី ការអភិវឌ្ឍសៀវភៅណែនាំបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់សាលាមធ្យមសិក្សា ដោយមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទីតាំង M-13 ព្រមទាំងដៃគូមកពីវិស័យសិក្សាធិការ និងសង្គមស៊ីវិល។

ចាប់តាំងពីឆ្នាំ២០២១ តាមរយៈកម្មវិធីអន្តរជាតិស្តីពីការអប់រំ អំពីការសម្លាប់រង្គាល និងអំពើប្រល័យពូជសាសន៍ (IPHGE) យូណេស្កូ បានសហការជាមួយដៃគូជាតិនានា ដើម្បីពង្រឹងការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងសាលារៀនកម្ពុជា។

ការងារនេះកាន់តែមានសារៈសំខាន់បន្ថែមទៀតនៅឆ្នាំ២០២៥ បន្ទាប់ពីទីតាំង M-13 ទួលស្លែង និងជើងឯក ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ ការទទួលស្គាល់នេះ មិនត្រឹមតែបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏សំខាន់របស់ទីតាំងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីរបស់ទីតាំងទាំងនេះក្នុងការអប់រំមនុស្សជំនាន់ក្រោយនាពេលបច្ចុប្បន្នផងដែរ។

សិក្ខាសាលានេះ គឺជាជំហានបន្ថែមមួយក្នុងការសម្របសម្រួលរវាង កម្មវិធីសិក្សាជាតិ ការសិក្សាតាមទីតាំង និងគោលការណ៍អប់រំស្តីពីភាពជាពលរដ្ឋសកល (GCED) តាមរយៈការរៀបចំសៀវភៅណែនាំបង្រៀនដែលមានស្តង់ដាររួម។ គោលបំណង គឺដើម្បីផ្តល់ឱ្យគ្រូបង្រៀននៅគ្រប់ខេត្ត នូវឧបករណ៍ និងវិធីសាស្ត្រដែលអាចជួយណែនាំសិស្សឱ្យសិក្សាអំពីប្រវត្តិសាស្ត្រដ៏លំបាកនេះ ប្រកបដោយភាពត្រឹមត្រូវ ការយល់ដឹង និងភាពរសើប។

ក្នុងអំឡុងសិក្ខាសាលា អ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ការអប់រំសន្តិភាព និងការអប់រំស្តីពីភាពជាពលរដ្ឋសកល ព្រមទាំងបានស្តាប់បទពិសោធន៍ជាក់ស្តែងរបស់គ្រូបង្រៀនក្នុងការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងថ្នាក់រៀន។

ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្ដល់អនុសាសន៍នានា ដើម្បីជាមូលដ្ឋានសម្រាប់ជំហានបន្ទាប់នៃការរៀបចំសៀវភៅណែនាំបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម សំដៅធានាថា ការអប់រំអំពីអតីតកាលនឹងត្រូវបានបន្តផ្ទេរទៅកាន់យុវជនជំនាន់ក្រោយ ដោយផ្អែកលើការពិតប្រវត្តិសាស្ត្រ ការចងចាំ សន្តិភាព និងការទទួលខុសត្រូវជាពលរដ្ឋ៕

ប្រភព៖ UNESCO Cambodia