អគ្គិភ័យដ៏រន្ធត់ ឆាបឆេះមន្ទីរពេទ្យផ្នែកសម្ភពមួយ នៅប៉ាគីស្ថាន សម្លាប់ទារក ១៤នាក់!


ប៉ាគីស្ថាន៖ ទារកទើបកើតចំនួន ១៤នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏រន្ធត់មួយ បានឆាបឆេះមន្ទីរពេទ្យផ្នែកសម្ភពធំជាងគេមួយ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ខណៈអាជ្ញាធរសង្ស័យថា អគ្គិភ័យនេះបណ្តាលមកពីបញ្ហាអគ្គិសនីនៅម៉ាស៊ីនត្រជាក់។

អគ្គិភ័យបានកើតឡើង នៅជាន់ទី៣ នៃផ្នែកសុខភាពស្ត្រី របស់មន្ទីរពេទ្យ Pakistan Institute of Medical Sciences (PIMS) នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ។ តាមការបញ្ជាក់របស់ការិយាល័យរដ្ឋបាលស្រុក អ្នកស្លាប់ទាំង ១៤នាក់ សុទ្ធតែជាទារក។

ទន្ទឹមនោះ សាក្សីម្នាក់ឈ្មោះ Abdul Ghafoor បានប្រាប់ AFP ថា អគ្គិភ័យបានរាលដាលយ៉ាងឆាប់រហ័ស ហើយមានទារកខ្លះទើបមានអាយុ មួយថ្ងៃ ប៉ុណ្ណោះ។ លោកបានព្យាយាមចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីជួយអ្នកជំងឺ ប៉ុន្តែមិនអាចទៅដល់ផ្នែកសម្ភពបានទេ ដោយសារផ្សែងខ្មៅក្រាស់ពេក។

យ៉ាងណាក៏ដោយ ប្រធានគណៈកម្មការទីក្រុងអ៊ីស្លាម៉ាបាដ លោក Sohail Ashraf បានបញ្ជាក់ថា ការហៅទូរស័ព្ទសុំជំនួយត្រូវបានធ្វើឡើងមុនម៉ោង ៧ព្រឹក ហើយក្រុមសង្គ្រោះ និងប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងគ្រប់គ្រងអគ្គិភ័យបានទាន់ពេល តែជាអកុសលទារកចំនួម ១៤ នាក់បានបាត់បង់ជីវិតដោយសារពុលផ្សែង និងកម្លាំងអគ្គិភ័យ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងរដ្ឋមន្ត្រីមហាផ្ទៃ លោក Mohsin Naqvi បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ទារកទាំង ១៤នាក់។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីកត្តាដែលនាំឱ្យកើតមានហេតុការណ៍នេះ ដោយកំណត់អ្នកដែលត្រូវទទួលខុសត្រូវ និងចាត់វិធានការតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។

សូមបញ្ជាក់ជូនថា អគ្គិភ័យនៅអគារធំៗជាច្រើន បាមកើតមានជាញឹកញាប់នៅប៉ាគីស្ថាន ដោយសារកត្តាមួយចំនួនដូចជា ការអនុវត្តច្បាប់សុវត្ថិភាព និងបទដ្ឋានសំណង់មិនបានតឹងរ៉ឹងគ្រប់គ្រាន់។ ដោយឡែក កាលពីខែមករា ឆ្នាំ២០២៦ មនុស្សជាង ៦៥នាក់ ក៏បានស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយផងដែរ ក្នុងទីក្រុង Karachi និងអគ្គិភ័យនៅផ្សារទំនើប ក្នុងទីក្រុងដដែលកាលពីឆ្នាំ២០២៣ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់៕

ប្រភព៖ AFP / Yahoo News