សហរដ្ឋអាមេរិក ដកប្រទេសស៊ីរីចេញពីបញ្ជី «ប្រទេសគាំទ្រអំពើភេរវកម្ម»
ស៊ីរី៖ សហរដ្ឋអាមេរិកបានសម្រេចដកប្រទេសស៊ីរីចេញពីបញ្ជី «ប្រទេសគាំទ្រអំពើភេរវកម្ម» (State Sponsors of Terrorism) ដែលជាការសម្រេចចិត្តដ៏សំខាន់មួយ ដែលប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានចាត់ទុកថា ជា «ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ» និងអាចជួយឱ្យប្រទេសស៊ីរីស្តារសេដ្ឋកិច្ច និងកសាងប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈពេល ១៤ឆ្នាំ។


ការដកចេញពីបញ្ជីនេះ បានចូលជាធរមានកាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់រយៈពេលពិនិត្យ ៤៥ថ្ងៃរបស់សភាសហរដ្ឋអាមេរិក។ ដំណើរការនេះ បានចាប់ផ្តើម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងជាផ្លូវការទៅកាន់រដ្ឋសភាស៊ីរីកាលពីថ្ងៃទី៨ ខែកក្កដា អំពីបំណងលុបឈ្មោះស៊ីរីចេញពីបញ្ជីដែលមានអាយុកាលរាប់ទសវត្សរ៍នេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសកម្មភាពវិជ្ជមាន និងការប្តេជ្ញាបន្ថែមរបស់លោក Ahmed al-Sharaa ក្នុងការធ្វើឱ្យស៊ីរីឃ្លាតឆ្ងាយទាំងស្រុងពីសកម្មភាពភេរវកម្មអន្តរជាតិ។
ជាការឆ្លើយតប លោក Ahmed al-Sharaa បានស្វាគមន៍ការសម្រេចចិត្តនេះ និងថ្លែងអំណរគុណដល់លោក Trump ដោយនិយាយថា ស៊ីរីកំពុងបិទ «ទំព័រដ៏ឈឺចាប់នៃអតីតកាល» ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍ ការស្តារឡើងវិញ និងការកសាងប្រទេស។
គួរបញ្ជាក់ថា ប្រទេសស៊ីរីត្រូវបានដាក់ក្នុងបញ្ជីប្រទេសគាំទ្រអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៧៩។ ការស្ថិតក្នុងបញ្ជីនេះបាននាំឱ្យស៊ីរីប្រឈមនឹងការរឹតបន្តឹងជាច្រើន រួមមានជំនួយបរទេសពីសហរដ្ឋអាមេរិក ការនាំចេញ ការលក់ឧបករណ៍ការពារជាតិ ទំនិញប្រើប្រាស់ទាំងផ្នែកស៊ីវិល និងយោធា ព្រមទាំងប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួន។
អ្នកវិភាគបានចាត់ទុកការដកស៊ីរីចេញពីបញ្ជីនេះថា អាចបើកឱកាសថ្មីសម្រាប់ការវិនិយោគ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ស៊ីរីជាមួយសហគមន៍អន្តរជាតិ។ បច្ចុប្បន្ន ប្រទេសដែលនៅសល់ក្នុងបញ្ជីនេះមានតែ គុយបា អ៊ីរ៉ង់ និងកូរ៉េខាងជើង ប៉ុណ្ណោះ។
ប្រភព៖ Al Jazeera















